Breaking News

“​យាយ​ប៊ី​” នៅតែ​ជា​វីរ​ស្ត្រី​ក្លាហាន​របស់​អ្នកភូមិ​ក្រាំង​លាវ​ - [Cambo Page - ខេមបូ ផេក]

#តើអ្នកទាំងអស់គ្នាធ្លាប់អានរឿងភូមិតិរច្ឆានដែរឫទេ? ហើយធ្លាប់ឮឈ្មោះនាងប៊ីទេ? 
“​យាយ​ប៊ី​” នៅតែ​ជា​វីរ​ស្ត្រី​ក្លាហាន​របស់​អ្នកភូមិ​ក្រាំង​លាវ​ 
ប្រវត្តិ​នៃ​ការ​ងើប​បះបោរ​របស់​ពលរដ្ឋ​ភូមិ​ក្រាំងលាវ​ដែល​បារាំង​ដាក់​ឈ្មោះ​ថា​ភូមិ​តិរច្ឆាន។
-----------
ខេត្តកំពង់ឆ្នាំង: អ្នកសិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​ប្រា​ដក​ជា​បានដឹង​ក៏ដូចជា​នៅចាំ​ពី​ស្នាដៃ​អក្សរសិល្ប៍​របស់​អ្នកនិពន្ធ លោកឌឹ​ក គា​ម និងលោក ឌឿ អំ គឺ រឿង​ភូមិ​តិរច្ឆាន ដែល​ឆ្លុះបញ្ចាំង​ពី​ស្នាក​ស្នាម​ប្រវត្តិសាស្ត្រ​ដែល​បាន​កើតឡើង​នៅ​ភូមិ​ក្រាំង​លាវ ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងអំឡុង​ឆ្នាំ​១៩២៥​។​
​នៅក្នុង​ហេតុការណ៍​ដែល​បាន​កើតឡើង​នៅក្នុង​ភូមិ​ក្រាំង​លា​វនា​សម័យ​នោះ​ក្រុម​អ្នកភូមិ​បាន​ផ្ទុះ​កំហឹង​នាំគ្នា​រើបំរះ​ប្រឆាំង​នឹង​ការជិះជាន់​គាបសង្កត់ ទារពន្ធ​ដារ របស់​ពួក​អាណានិគម ស្រប​ពេលដែល​ប្រជាជន​ទាំងនោះ​ស្ថិតនៅក្នុង​ភាពក្រីក្រ​គ្មាន​ប្រាក់​សម្រាប់បង់ពន្ធដារ រស់នៅក្នុង​ជីវភាព​លំបាក​វេទនា​ខ្លាំង​បំផុត​។
នៅក្នុង​ហេតុការណ៍​ផ្ទុះ​នូវ​ហិង្សា​ប្រឆាំងនឹង​ការគាបសង្កត់​ទាមទារ​សេរីភាព នាពេល​នោះបាន​បណ្តាលអោយ​ជនជាតិ​បារាំង​ម្នាក់ ដែលជា​តំណាង​អាណានិគម​បារាំង ប្រចាំ​តំបន់ ឈ្មោះ រ៉េស៊ីដង់ បា​រដេ​ស បាន​ស្លាប់​នៅក្នុង​ព្រឹត្តិការណ៍​នោះ​ផងដែរ​។ ក្រោយពី​មរណភាព​របស់​បា​ដេ​ស គេ​បាន​កសាង​ជា​រូប​សំណង់​ចេតិយ​តំណាងអោយ​ចេតិយ​សព​បា​ដេ​ស​ដើម្បី​ទុក​បង្ហាញ​ក៏ដូចជា​អោយ​ប្រជាជន​ខែ្មរ​ជំនាន់​ក្រោយ​ចងចាំ​ពី​វីរភាព​របស់​អ្នកភូមិ​នា​សម័យ​នោះ​ក្នុង​ការរើបំរះ​ប្រឆាំង​នឹង​ការជិះជាន់​គាបសង្កត់​មកលើ​ប្រជាជន​ខែ្មរ​។​
​បច្ចុប្បន្ន​នៅ​កន្លែង​ចេតិយ​របស់​បារ​ដេ​ស គេ​ឃើញ​មាន​រូបសំណាក​នារី​ម្នាក់​ដែល​បាន​កសាងឡើង​ពី​ស៊ីម៉ងត៍ មាន​កាន់ដំបង​នៅ​នឹង​ដៃ​លើ​កយា​ទៅក្រោយ​ឈរ​ដោយ​ភាព​អង់អាច​ក្លាហាន​បំផុត​នៅ​ពីមុខ​រូប​សំណង់​ចេតិយ​សព​បា​រដេ​ស រូបសំណាក​នេះហើយ​គឺជា​រូបសំណាក យាយ​ប៊ីឫនាងប៊ី ដែលជា​ស្ត្រី​ក្លាហាន​ដែល​ហ៊ាន​ចេញមុខ​តវ៉ា​ដំបូង​ប្រឆាំង​តទល់​ទៅនឹង​ទង្វើ​របស់​រ៉េស៊ីដង់ បារ​ដេ​ស​ដែល​ធ្វើ​មកលើ​អ្នកភូមិ​នា​សម័យ​នោះ​។​ 
​ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ មឿង សារ៉ាន់ អាយុ​៦៨​ឆ្នាំ ជា​ប្រជា​ពល​រស់នៅ​ក្នុងភូមិ​ក្រាំង​លាវ ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ដែលមាន​ផ្ទះ​នៅ ប្រមាណ ២០០​ម៉ែត្រ ពី​សំណង់​រូបសំណាក​យាយ​ប៊ី បាន​ប្រាប់​CEN ថា ទោះបីជា​រូបគាត់​ផ្ទាល់​កើត​មិនទាន់​សម័យ​នោះ​ក្ដី ប៉ុន្តែ​ចាស់ៗ នៅក្នុង​ភូមិ​បាន​និយាយ​តៗ​គ្នា​ថា​ក្នុង​ហេតុការណ៍​នាពេលនោះ​យាយ​ប៊ី​បាន​ប្រើពាក្យ​សំដី​តមាត់​និង​ទាស់សំដី​ជាមួយ​បា​ដេ​ស​ដែល​ធ្វើអោយ​បា​ដេ​ស​ខឹង​យ៉ាងខ្លាំង ហើយ​បញ្ជា​អោយ​បាញ់​យាយ​ប៊ី រួមទាំង​ចាប់​អ្នក​តវ៉ា​ទាំងអស់​ដាក់​ខ្នោះ​ដាក់ទណ្ឌកម្ម​បង្អត់បាយ​ថែម​ទៀតផង​។ ស្ត្រី​ចំណាស់​រូបនេះ​បាន​បន្តថា ទង្វើ​របស់​រ៉េស៊ីដង់ បា​ដេ​ស​បែបនេះហើយ​បានធ្វើអោយ​អ្នកភូមិ​ផ្ទុះ​កំហឹង​ពួតដៃគ្នា រើ​បំរាស់ ផ្ទុះ​នូវ​ហិង្សា​ប្រឆាំងនឹង​ការគាបសង្កត់ ដើម្បី​ទាមទារ​នូវ​សេរីភាព នាពេលនោះ​តែម្ដង​។​
​អ្នកស្រី អ៊ុំ ស្រី​នាង អាយុ ៣២​ឆ្នាំ​ដែលជា​អ្នកភូមិ​ក្រាំង​លាវ​ដែរនោះ​ក៏បាន​ប្រាប់អោយដឹង​ដែរ​ថា​អ្នកស្រី​បានដឹង​ពី​រឿងរ៉ាវ​របស់​យាយ​ប៊ី ដោយសារ​ចាស់ៗ​ក្នុងភូមិ បាន​និយាយ​ប្រាប់តៗ​គ្នា ហើយ ក្នុងនាម​អ្នកស្រី​ជា​អ្នកភូមិ​ក្រាំង​លាវ​គឺមាន​មោទនភាព​ខ្លាំងណាស់ ពេលដែល​ភូមិ​របស់​អ្នកស្រី​រស់នៅ​មាន​នារីក្លាហាន​ដែល​ហ៊ាន​ចេញមុខ​តស៊ូ​ជាមួយ​បារាំង​នា​សម័យ​នោះ​។ អ្នកស្រី​បាន​បន្ថែមថា យាយ​ប៊ី ជា​ស្ត្រី​គំរូ​ដែល​អោយ​ស្ត្រី​នៅក្នុង​ភូមិ​ជំនាន់​ក្រោយនេះ​យក​គំរូ​តាម អោយមាន​ភាពក្លាហាន​កុំអោយ​ទន់ជ្រាយ និង​ហាន​រើ​បំរាស់​ពី​ភាពអយុត្តិធម៌​ផ្សេងៗ​។​
​គួរ​រំលឹក​ផងដែរ​ថា ប្រទេស​កម្ពុជា បាន​ស្ថិតនៅក្រោម​នឹម​អាណានិគមនិយម​បារាំង អស់​រយៈពេល​ជិត​មួយ​សតវត្ស គឺ​ចាប់ពី​ឆ្នាំ​១៨៦៣ រហូត​ដល់ពេល​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៥៣​។ នៅក្នុង​កំឡុង​ពេលនោះ បារាំង​បាន​គាបសង្កត់​ទារ​យកពន្ធ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ដែលជា​ម្ចាស់​ទឹកដី ហើយ​ទង្វើ​បែបនេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចងចាំ និង​មានការ​ឈឺចាប់​ចំពោះ​ការជិះជាន់​និង​គាបសង្កត់​ទារ​យកពន្ធ​នោះ​ផងដែរ​៕

#ឯកសារយោង Amazing Cambodia
#កែសម្រួលឡើងវិញដោយ ភត់ សារ៉ុប
អក្សរសាស្រ្តខ្មែរ - Khmer literature
ប្រភព ៖ ទទក

No comments