ព្រះបាទជ័យវរ្ម័នទី ៧ - [Cambo Page - ខេមបូ ផេក]
ឬ មហានគរទី៣ (គ.ស ១១៨១ - ១២០១)
១ = ខេត្ដកំពុងស្វាយ ស្ថិតនៅក្នុងខេត្ដ កំពុងធំសព្វថ្ងៃ
២ = គូ ឬ បន្ទាយទឹក
ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះរាជបុត្រព្រះបាទធរនិន្រ្ទវរ្ម័នទី២ ព្រះអង្គបានសំងំរស់នៅដោយគ្មានធ្វើ ឬបញ្ចេញសកម្មភាពអ្វីទាំងអស់ ក្នុងរាជ្យព្រះបាទត្រីភុវ័នអាទិត្យវរ្ម័ន។ សិលាចារឹកខ្មែរនៅប្រាសាទភិមានអាកាស បានសរសេរចារទុកមកថា «ព្រះអង្គរង់ចាំឱកាសល្អដើម្បីចេញមកស្រោចស្រង់ផែនដី ដែលពោរពេញទៅដោយបាបកម្ម»។ ការអត់ធ្មត់ ព្យាយាមតស៊ូ រង់ចាំរបស់ព្រះបាទជ័យវរ្ម័នទី៧ មានរយៈពេលដល់ទៅ១៧ឆ្នាំ។
ចលនាតស៊ូរំដោះជាតិ និងការវាយឆ្មក់
កាលបើបានដឹងថា ស្ដេចជ្រែករាជអស់ព្រះជន្ម ព្រះបាទជ័យវរ្ម័នក៏ចេញមុខប្រមែប្រមូល បំបះបំបោរប្រជានុរាស្រ្ដ រៀបចំចលនាតស៊ូ ដើម្បីរំដោះជាតិមាតុភូមិពីកណ្ដាប់ដៃខ្មាំង គឺនគរចំប៉ា។ ការតស៊ូរំដោះជាតិរបស់ព្រះអង្គ មានរយៈពេលយូរបង្គួរ មុននឹងព្រះអង្គសំរេចបានបោសសំអាតទឹកដីខ្មែរ ពីការកាន់កាប់ជិះជាន់របស់អាណានិគមចំប៉ា។
នៅគ្រប់ទិសទី កងទ័ពខ្មែរស្ម័គ្រចិត្ដ ត្រូវបានប្រមូលផ្ដុំជាក្រុម ហាត់រៀនហ្វឹកហ្វឺនគ្រប់មុខវិជ្ជាសិល្ប៍សាស្រ្ដ ក្បួនពិជ័យសង្រ្គាម។ ជាពិសេស ក្នុងផ្នែករបៀបដាក់រាយអន្ទាក់វាយឆ្មក់។ យុទ្ធសាស្រ្ដវាយឆ្មក់ ត្រូវបានព្រះអង្គអនុវត្ដនាឆ្នាំដំបូង ដែលកងទ័ពព្រះអង្គ មិនទាន់មានកំលាំងគ្រប់គ្រាន់ នឹងវាយប្រហារសត្រូវដោយចេញមុខ។ ចលនាតស៊ូរដោះជាតិរបស់ព្រះបាទជ័យវរ្ម័នបានប្រើពេលវេលាជិត ៥ឆ្នាំ មុននឹងមានលទ្ធភាព អាចប្រយុទ្ធតទល់សត្រូវចាម។ ព្រះអង្គបានរៀបចំកសាង កងកំលាំងទ័ពជើងទឹកមួយយ៉ាងសំខាន់ ទុកសំរាប់ទប់ទល់ វាយកំទេចទូកចាម ពីព្រោះព្រះអង្គសង្កេតឃើញយល់ច្បាស់ថា កំលាំង និងចំនុចខ្សោយរបស់នគរចំប៉ា ស្ថិតនៅលើកងនាវាចរ។ ដូច្នេះបើព្រះអង្គវាយកំទេចកងទ័ពទូកចាមបាន ព្រះអង្គក៏អាចយកជោគជ័យ រំដោះជាតិមាតុភូមិ ចេញពីកណ្ដាប់ដៃខ្មាំងរួចដែរ។
ជ័យជំនះផ្ដាច់ព្រ័ត្រលើកងទ័ពចំប៉ា
ដូចការត្រិះរិះគិតពិចារណាមែន ព្រះបាទជ័យវ្មរ័ន បានយកជ័យជំនះលើទ័ពចាម ដោយបានធ្វើចំបាំងចេញមុខ វាយប្រយុទ្ធកំទេចបំផ្លាញអស់ កងទ័ពនាវាចរចាម។ ទិដ្ឋភាពចំបាំងយ៉ាងសាហាវតាមទូកសំពៅលើទន្លេ ត្រូវបានសិល្បករខ្មែរឆ្លាក់ជាប់លើជញ្ជាំងថែវប្រាសាទបាយ័ន។ សិលាចារឹកនៅប្រាសាទបន្ទាយឆ្មារ ក៏សរសេរចារអធិប្បាយ អំពីព្រឹត្ដិការណ៍ច្បាំងប្រយុទ្ធគ្នា តាមផ្លូវទឹកលើទន្លេ និងជ័យជំនះយ៉ាងអស្ចារ្យរបស់ព្រះបាទជ័យវរ្ម័នទី៧ ទៅលើស្ដេចចាមដែរ។ កងសេនាយោធាចាមជាច្រើនបាក់ទ័ពរត់ប្រសាចគ្មានទិសតំបន់។ ខ្លះទៀតត្រូវកងទ័ពខ្មែរកាប់សំលាប់ និងចាប់ធ្វើជាឈ្លើយ គឺនៅក្នុង គ.ស.១១៨១។ ព្រះអង្គរំដោះដណ្ដើមយកមហានគរមកវិញបាន ហើយទឹកដីខ្មែរក៏បានចេញផុតរួចពីនឹមអាណានិគមនគរចំប៉ាក្នុងគ្រានោះដែរ។ ព្រះអង្គបានប្រកាសខ្លួន ជាព្រះមហាក្សត្រប្រទេសកម្ពុជា។ ព្រះនាមព្រះអង្គជាក្សត្រ គឺព្រះបាទជ័យវរ្ម័នទី៧ គឺនៅក្នុង គ.ស.១១៨១ ដដែល។ ព្រះអង្គតាំងទីព្រះបរមរាជវាំង នៅព្រះរាជធានី យសោធរបុរៈដដែល។
សង្គ្រាមសងសឹករបស់ស្ដេចចំប៉ា
បរាជ័យដ៏សែនជូរចត់នេះ មិនបានធ្វើអោយស្ដេចនគរចំប៉ាភ័យខ្លាច ឬបាក់អំនួតទេ។ ដើម្បីលប់លាងកិត្ដិយស ការអាម៉ាស់មុខ ស្ដេចាមព្រះជ័យឥន្រ្ទវរ្ម័នទី៤ ត្រូវតែធ្វើសង្គ្រាមច្បាំងនឹងខ្មែរម្ដងទៀត។ ព្រះអង្គត្រូវរង់ចាំ១០ឆ្នាំ ដើម្បីមានលទ្ធភាពអនុវត្ដផែនការណ៍សងសឹក។
ម្ដងនេះក៏ដូចជាលើកមុនដែរ ក្នុងគ.ស.១១៩០ ស្ដេចចាមបាននាំយកសួយសារអាករទៅថ្វាយស្ដេចយួន សំកុំអោយលូកដៃក្នុងរឿងខ្មែរ។ ស្ដេចចាមលើកកងពលយោធាយ៉ាងគគ្រឹកគគ្រេង ចូលវាយប្រហារនគរកម្ពុជា ដោយសង្ឃឹមថានឹងបានជ័យជំនះឈ្នះខ្មែរ ដូចលើកមុនទៀតជាមិនខាន។ តែព្រះបាទជ័យវរ្ម័នទី៧ បានបញ្ជាកងទ័ពគ្រប់ទិសទី វាយប្រហារតបតទៅវិញ យ៉ាងខ្លាំងក្លាមហិមា ខ្លាំងលាន់លឺជាងរន្ទះបាញ់ទាំងប្រាំបីទិសធ្វើអោយសត្រូវបែកបាក់ខ្ចាត់ខ្ចាយ រត់ចោលជួរមានស្លាប់របួសច្រើនឥតគណនា។ ព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គមិនបង្អង់ដៃ ព្រះអង្គវាយប្រហារសំរុកបុករុល ចូលទៅដល់ទឹកដីនគរចំប៉ា។ សេចក្ដីក្លាហានអង់អាច របស់ព្រះមហាក្សត្រខ្មែរត្រូវបានសិលាចារឹកប្រាសាទជ្រុង ក្នុងនគរធំ រៀបរាប់ថា ព្រះបាទជ័យវរ្ម័នទី៧ បានស្រែកបបួលហៅស្ដេចចាមជ័យឥន្រ្ទាវរ្ម័នទី៤ អោយឡើងជិះដំរី ចេញមកច្បាំងតទល់នឹងព្រះអង្គ អោយអស់ពលសេនាមើល តែស្ដេចចាមបែរខ្នងភ័យក្លាចញ័រ មិនហ៊ានចេញមកច្បាំង មួយទល់នឹងមួយជាមួយ នឹងព្រះអង្គទេ សង្គ្រាមខ្មែ-ចាមម្ដងនេះ មិនយូរទេ ព្រះបាទជ័យវរ្ម័នទី៧ ដណ្ដើមយករាជធានីនគរចាម ហើយចាប់ខ្លួនស្ដេចចាមបានក្នុងគ្រានោះ។ នគរចាមទាំងមូលក៏ត្រូវធ្លាក់ក្នុងកណ្ដាប់ដៃកងទ័ពខ្មែរ កាន់កាប់ត្រួតត្រាដែរ។
ចំប៉ាក្លាយជាខេត្ដខ្មែរ ជ័យជំនះតាមផ្លូវសង្រ្គាម ទៅលើនគរចាមក្នុងពេលនោះ បានជំរុញព្រះបាទជ័វរ្ម័នទី៧ អោយរំលាយបញ្ចូលទឹកដីនគរចំប៉ាមកជាទឹកដីខ្មែរតែមួយ។ ព្រះអង្គបានតែងតាំងប្អូនថ្លៃព្រះអង្គ ជាស្ដេចសោយរាជនៅរាជធានីវិជ័យ និងគ្រប់គ្រងខេត្ដខ័ណ្ឌនៅជុំវិញនោះ ចំណែកខេត្ដខ័ណ្ឌនគរចំប៉ាផ្សេងៗទៀត ព្រះអង្គបានដាក់អោយនៅក្រោមអំណាច របស់ស្ដេចចាមមួយអង្គ ព្រះនាមវិលានន្ទ ដែលធ្លាប់តែស្មោះត្រង់បំរើព្រះអង្គដោយភក្ដីភាព។ ស្ដេចចាមអង្គនេះ ធ្លាប់បានរស់នៅមហានគរ បំរើព្រះមហាក្សត្រជាយូរមកហើយៗ ធ្លាប់ជួយព្រះអង្គ ក្នុងការបង្រ្កាបក្រុមបះបោរ នៅខេត្ដបាត់ដំបងនៅក្នុងគ.ស. ១១៩០។ តែក្នុងគ.ស ១២០៣ ក្រោយព្រះបាទជ័យវរ្ម័នទី៧ ចូលទីវង្គត ស្ដេចចាមនេះបែកគំនិតចង់រំដោះនគរចំប៉ា និងបង្កើធ្វើអោយមានឯកភាពវិញ។ ដែលជាហេតុបណ្ដាលអោយព្រះមហាក្សត្រខ្មែរមិនទុកចិត្ដ ដកអំណាច និងបុណ្យស័ក្ដិ។ ពីថ្ងៃនេះរហូតដល់ គ.ស ១២២៦ នគរចំប៉ាបានក្លាយទៅជាខេត្ដខ្មែរ។ សង្រ្គាមរវាងខ្មែរ នឹងចាម មានរយៈពេលប្រហែលជិត ១០០ឆ្នាំ។ នៅទីបំផុត នគរចំប៉ាត្រូវចុះទន់អន់ខ្សោយ លែងមានឥទ្ធិពល ធ្វើអោយប្រទេសកម្ពុជាភ័យព្រួយបារម្ភទៀតហើយ។ ទាំងនេះមិនមែនបានសេចក្ដីថានគរចំ ប៉ារលត់រលាយអស់រូបរាងនោះទេ។ ចាប់ពីគ.ស.១២២៧ ព្រះមហាក្សត្រខ្មែរ បានអនុញ្ញាតអោយមានការតែង តាំងជាតិចាម ជាចៅហ្វាយខេត្ដចំប៉ា ឯកង្វល់ធំរបស់ចំប៉ា មិនមែនប្រទេសខ្មែរឡើយ។ សត្រូវធំរបស់ចាមគឺយួន។ នយោបាយ ទ្រឹស្ដី និង ទស្សនៈវាតទឹកដីនិយមរបស់យួន ចុះមកទិសខាងត្បូង បានលេបទឹកដីចាមបន្ដិចម្ដងៗ រហូតទាល់តែអស់គ្មានសល់ ទាំងទំនៀមទំលាប់ ទាំងប្រពៃណី និងទាំងភាសា។ នៅក្នុងសតវត្សទី១៨ គេកត់សំគាល់ឃើញថា ព្រះរាជវង្សចំប៉ានៅមានដែរក្រោមការគ្រប់គ្រងរបស់យួន។ យួនបានធ្វើវៀតណាមវូបនីយកម្ម លើជនជាតិចាមទាំងអស់។ ជនជាតិចាមដែលមិនអាចទ្រាំទ្ររបបអំណាចយួនបាន បាននាំគ្នារត់ភៀសខ្លួនទៅរស់នៅស្រុកជ្វា ឬកម្ពុជា។
ប្រវត្ដិព្រះបាទជ័យវរ្ម័នទី៧
ព្រះរាជវង្ស និង ជីវប្រវត្ដិរបស់ព្រះបាទជ័យវរ្ម័នទី៧ យើងស្គាល់បានមួយភាគធំ ដោយសិលាចារឹកនៅប្រាសាទជ្រុង ក្នុងរង្វង់នគរធំ សិលាចារឹកនៅប្រាសាទបន្ទាយឆ្មារ ក្នុងខេត្ដបាត់ដំបង សិលាចារឹកនៅប្រាសាទបាយ័ន នៅប្រាសាទតាព្រហ្ម និង ជាពិសេស ដោយសិលាចារឹកនៅប្រាសាទភិមានអាកាស ដែលចងក្រង និងនិពន្ធតាក់តែងឡើង ជាកំណាព្យកាព្យឃ្លោង ដោយព្រះអគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧ ព្រះនាងឥន្រ្ទទេវី។
បើតាមការសិក្សាស្រាវជ្រាវ ហ្សក កូដេស George Coedes ព្រះបាទជ័យវរ្ម័នទី៧ ប្រហែលជាប្រសូត្រយ៉ាងយូរណាស់ ក្នុងគ.ស.១១២៥។ ព្រះមាតារបស់ព្រះអង្គ ព្រះនាមជ័យរាជចូឌាមណី ព្រះបិតាព្រះអង្គ ព្រះនាមធរនិន្រ្ទវរ្ម័នទី២ ដែលសោយរាជបន្ទាប់ពីព្រះបាទសុរិយាវរ្ម័នទី២ ព្រះអង្គត្រូវជាចៅមីងរបស់ព្រះបាទជ័យវរ្ម័នទី៦ ដែលសោយរាជបន្ទាប់ពីព្រះបាទសុរិយាវរ្ម័នទី២។ ព្រះអង្គត្រូវជាចៅមីង របស់ព្រះបាទជ័យវរ្ម័នទី៦ និងត្រូវជាក្មួយព្រះបាទសុរិយាវរ្ម័នទី២។ ដូច្នេះយើងឃើញថា តាមរយៈម្ដាយព្រះអង្គជាប់ចុះមកពីព្រះរាជវង្ស ព្រះមហាក្សត្រខ្មែរជំនាន់មុនមហានគរឬមុនអង្គរ ឬក្នុងសម័យនគរហ្វូណន់ចេនឡា។ ហើយតាមខ្សែស្រលាយព្រះរាជវង្សឳពុក ព្រះអង្គចុះមកពីព្រះសន្ដតិវង្សមហិធរបុរៈ។
យុវភាព
តាមរយៈសិលាចារឹកដដែល យើងបានដឹងថា កាលបិតាព្រះអង្គ ព្រះធរនិន្រ្ទវរ្ម័នទី២ នៅសោយរាជជាព្រះមហា ក្សត្រកម្ពុជា ព្រះបាទជ័យវរ្ម័ទី៧ បានទទួលតំនែងជាមេទ័ពធំកំពូលដឹកនាំកងពលសេនាខ្មែរ ទៅធ្វើសង្រ្គាមតទល់ នឹងនគរចំប៉ា។ កាលនោះ ព្រះអង្គព្រះជន្មបាន ២៥វស្សា។
បើតាមសិលាចារឹក យើងអាចស្មានបានថា កាលនោះព្រះអង្គមានមហេសីរួចស្រេចទៅហើយ ព្រះនាមរបស់ព្រះនាង គឺជ័យរាជាទេវី។ ជាមួយនឹងព្រះនាង ប្រហែលជាក្នុងគ.ស ១១៤៥ ព្រះអង្គបានមានព្រះរាជបុត្រមួយ ព្រះអង្គ ព្រះនាមស្រីឥន្រ្ទកុមារ។ ព្រះបាទជ័យវរ្ម័ទី៧ ព្រះអង្គត្រូវបែកព្រាត់ប្រាសពីប្រពន្ធកូន ដោយក្ដីវិយោគអួលណែនចុកចាប់រៀងរាល់ថ្ងៃ ពុំដែលមានល្ហែល្ហើយឡើយ។ ទុក្ខសោកសង្រេងឈឺខ្លោចផ្សារីងរៃ ដោយការព្រាត់ប្រាស់នេះត្រូវបានព្រះនាងឥន្រ្ទទេវី ជាបងស្រីបង្កើតរបស់មហេសីព្រះអង្គ សរសេរចារវេញចងក្រងជាភួងកំណាព្យ លើផ្ទាំងសិលាប្រាសាទភិមានអាកាស។ ព្រះនាងឥន្រ្ទទេវី បានរៀបរាប់អធិប្បាយថា : «ព្រះមហេសីព្រះបាទជ័យវរ្ម័ទី៧ ព្រះនាងជ័យរាជាទេវី ប្រៀបបានទៅព្រះនាងសិតា ដែលកំពុងព្រាត់ពីស្វាមី គឺព្រះរាម។ ព្រះរាមគឺព្រះបាទជ័យវរ្ម័នទី៧ ឯស្ដេចចាមប្រៀបបាន ទៅនឹងក្រុងរាពណ៍ នៅពេលដែលព្រះស្វាមី យាងចេញទៅធ្វើសង្គ្រាមនឹងខ្មាំង ព្រះនាងជ័យរាជាទេវី បានចូលកាន់សីល កាន់ត្រណមគោរពទៅតាមក្បួនខ្នាតប្រពៃណីមិនហ៊ានធ្វេសប្រហែសឡើយ។ ព្រះនាងតែងតែខំសិក្សាស្វាធ្យាយធម៌ បួងសួងបន់ស្រន់សុំអោយព្រះស្វាមីបានជួបតែសេចក្ដីសុខ និងជ័យជំនះឈ្នះលើសត្រូវ។ ព្រះនាងមានរូបរាងកាយស្គាំងស្គម ហើយមិនយកចិត្ដទុកដាក់នឹងសក់ព្រះនាងឡើយ កាលណាបើនឹកឃើញទៅដល់ព្រះស្វាមីម្ដងៗ ព្រះនាងតែងតែឈឺចុកចាប់ពើតក្នុងទ្រូង តែការឈឺចុកចាប់នេះ បានធ្វើអោយព្រះនាងសប្បាយរំសា យទុក្ឌទៅវិញ។ ព្រះនាងជ័យរាជាទេទីនៅស្មោះត្រង់ រង់ចាំការវិលត្រលប់របស់ព្រះបាទជ័យវរ្ម័នជានិច្ច។»
ជីវិតតស៊ូ ព្យាយាម រង់ចាំ
នៅគ.ស.១១៦០ ព្រះបាទជ័យវរ្ម័នទី៧ កំពុងតែធ្វើចំបាំង ប្រយុទ្ធជាមួយកងទ័ពនគរចំប៉ានៅមុខទីក្រុងវិជ័យ។ គ្រានោះ ព្រះអង្គបានទទួលដំណឹងថាព្រះបិតាព្រះអង្គចូលទីវង្គត ហើយព្រះបាទជ័យវរ្ម័នទី២ បានឡើងសោយរាជជំនួស។ នៅចំពោះមុខស្ថានការណ៍ផ្លាស់ប្ដូរនេះ ព្រះអង្គពុំបានផ្លាស់ប្ដូរចិត្ដគំនិតអ្វីទាំងអស់។ ព្រះអង្គនៅតែបន្ដធ្វើសង្រ្គាមវាយប្រហារនគរចាម ហើយគោរពស្មោះស្ម័គ្របំរើព្រះមហាក្សត្រថ្មីដោយគ្មានវៀចវេរ នៅពេលដែលព្រះអង្គទទួលដំណឹងដឹងថា នៅព្រះរាជធានី មានមន្រ្ដីក្បត់ចង់ធ្វើឃាតព្រះមហាក្សត្រ ព្រះអង្គបានធ្វើដំណើរយាងចូល មកនគរវិញ ដើម្បីជួយការពារជ្រោមជ្រែងព្រះរាជា។ តែព្រះអង្គមកដល់យឺតពេល ហើយសោកនាដកម្មបានកន្លងហួស ផុតរួចស្រេចបាត់ទៅហើយ។ ព្រះបាទយសោវរ្ម័នទី២ ត្រូវគេធ្វើឃាតហើយព្រះរាជបុត្រព្រះអង្គព្រះ ស្រីឥន្រ្ទកុមារក៏ប្រហែលជាអស់សង្ខារក្នុងសម័យជាមួយគ្នានោះដែរ។ ក្នុងគ.ស.១១៦៥ បើតាមសិលាចារឹកប្រាសាទបន្ទាយឆ្មារ ស្ដេចថ្មីព្រះបាទត្រីភុវ័នអាទិត្យ បានរៀបចំធ្វើពិធីព្រះរាជាភិសេក ហើយប្រកាសតាំងខ្លួនជាព្រះមហាក្សត្រនគរកម្ពុជា។ កាលនោះព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គមិនបានកេណ្ឌទ័ព ចេញទៅធ្វើសង្រ្គាមតតាំងរាំងជល់ នឹងស្ដេចជ្រែករាជ ដើម្បីដណ្ដើមយករាជបល្ល័ង្គមកវិញទេ។ ព្រះអង្គនៅនឹងស្ងៀមមិនបណ្ដែតបណ្ដោយចិត្ដគំនិតអារម្មណ៍ អោយផ្លាស់ប្ដូរហក់លោតទៅតាមមនោសញ្ចេតនា ភ្លើងកំហឹងការប្រមាថឆេវឆាវ និងការលោភលន់ខ្វះពិចារណាឡើយ ព្រះអង្គបានសំងំនៅប្រាសាទព្រះខ័ន ក្នុងខេត្ដកំពង់ស្វាយ(១) យកពេលស្មឹងស្មាធ ត្រិះរិះស្រាវជ្រាវសិក្សា ពិចារណារកផ្លូវចំរើន រង់ចាំឱកាសល្អ ដើម្បីដាក់ខ្លួនបំរើជាតិ។
លទ្ធផលនៃការតស៊ូ
កិត្យានុភាព
ព្រះបាទជ័យវរ្ម័ទី៧ ដោយសារការតស៊ូ ព្យាយាមព្រះអង្គបានទទួលជោគជ័យ ដែលគេអាចចាត់ទុកជាជោគជ័យផ្ទាល់ខ្លួន។ តែព្រះអង្គបានយកជោគជ័យ ឥទ្ធិពលអំណាចការចេះដឹង ការពិសោធន៍ និងប្រាជ្ញាភ្លឺថ្លាឈ្លាសវៃរបស់ព្រះអង្គ មកកសាងប្រទេសជាតិផ្ដល់នូវសេចក្ដីសុខក្សេមក្សាន្ដសន្ដិភាព ចំរើនលូតលាស់ ដល់ប្រជានុរាស្រ្ដ ដោយគ្មានរើសអើងវណ្ណៈ។ ការករសាងរបស់ព្រះ អង្គ មិនមែនមានតែប្រាង្គប្រាសាទធំស្កឹមស្កៃទេ ព្រះអង្គបានកសាងទំនុកបំរុងសាសនា ក៏ដូចជាក្នុងផ្នែកសង្គមជាតិដែរ។ ក្នុងរជ្ជកាលព្រះអង្គ នគរចំប៉ាបានក្លាយជាខេត្ដខ័ណ្ឌខ្មែរ ទឹកដីខ្មែរ ក៏បានលាតសន្ធឹងធំវែងឆ្ងាយជា មហាអំណាចមួយយ៉ាងធំដែរ នៅក្នុងអាស៊ីអគ្គេយ៍។ ចក្រភពខ្មែរក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ មានកម្ពុជា ចំប៉ា បច្ចុប្បន្នលាវ សៀម និងទឹកដីមួយភាគធំនៃប្រទេសភូមា និងម៉ាលេស៊ី។ (សូមមើលផែនទី) ព្រះមហាក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គបានចូលទីវង្គតនៅក្នុងគ.ស.១២០១។
ការកសាង និង ស្នាដៃ
ដូចដែលយើងអធិប្បាយខ្លះមកហើយ ស្នាដៃ និង ការកសាងរបស់ព្រះបាទជ័យវរ្ម័នទី៧ មានវត្ដមាននៅតាមខេ ត្ដខ័ណ្ឌនានា ពាសពេញទឹកដីខ្មែរ។ គឺជាសក្ខីភាពដែលបញ្ជាក់អំពីទំហំទឹកដីពិតប្រាកដរបស់ប្រទេសកម្ពុជា។ ការកសាង និងស្នាដៃទាំងនោះ បានរៀបចំស្ថាបនាឡើង តំរូវសំរាប់បំរើមជ្ឈដ្ឋានសាសនាផង និងសំរាប់ប្រយោជន៍ដល់សង្គមជាតិផង។ សមិទ្ធិរបស់ព្រះបាទជ័យវរ្ម័ទី៧ មានច្រើនសំបូរ ច្បាស់លាស់ក្បោះក្បាយ ដែលអាចជាជំនួយ ជាឯកសារមួយយ៉ាងសំខាន់ ក្នុងការសិក្សាស្រាវជ្រាវវែកញែកអំពីប្រវត្ដិសាស្ដ្រ និងវប្បធម៌រិសគល់ខ្មែរ។
ប្រាង្គប្រាសាទ
ក្នុងប្រវត្ដិសាស្រ្ដខ្មែរ ព្រះបាទជ័យវរ្ម័ទី៧ ជាព្រះមហាក្សត្រដែលបានសង់ប្រាង្គប្រាសាទជាច្រើនជាងក្សត្រឯទៀត។ ប្រាសាទទាំងនោះច្រើនស្ថិតនៅជិត ឬក្នុងរង្វង់នគរធំថ្មី ដែលព្រះអង្គទើបតែសំរេចចិត្ដកសាង។ នគរធំ ឬមហានគរ ដែលត្រូវឆេះបាក់បែកខូចអន្ដរាយអស់ជាច្រើន ត្រូវបានព្រះបាទជ័យវរ្ម័នទី៧ រៀបចំចាត់ចែងឱយកសាងជាថ្មី។ នេះជាលើកទី៣ហើយ ដែលមហានគរត្រូវសាងសង់ នគរធំរបស់ព្រះបាទជ័យវរ្ម័ទី៧ ត្រូវបានគេចាត់ទុក ជាស្នាដៃឯកប្លែកខុសពីធម្មតា ដែលមានក្នុងសិល្បៈខ្មែរ។ គឺខ្មែរជំនាន់នោះបានប្រឌិតបង្កើតសិល្បៈថ្មីមួយ ដែលវិវត្ដទៅតាមចលនារបស់សង្គមជាតិ។ នគរធំ ដែលស្ថិតនៅរៀងរហូតមកដល់សព្វថ្ងៃ ជាស្នាដៃយ៉ាងធំធេងចំបងរបស់ព្រះបាទជ័យវរ្ម័នទី៧។ នគរធំ ឬមហានគរ មានជ្រុងនីមួយៗ ប្រវែង៣គីឡូម៉ែត្រ ហើយមានទំហំប្រហែល ៩គីឡូម៉ែត្រក្រលា នគរធំមានកសិណ(២) ដែលមានទទឹងប្រវែង ១០០ម និងជំរៅ ៥ម ទៅ ៦ម ព័ទ្ធជុំវិញ ដើម្បីចូលទៅក្នុងមហានគរ គេត្រូវឆ្លងកាត់ស្ពានថ្ម អមទៅដោយរូបចំលាក់ទេវតា និងយក្ខ ដែលកំពុងនាំគ្នាទាញនាគសុវកិ ទេវតា និងយក្ខ ម្ខាងៗមានគ្នា ៥៤នាក់ បន្ទាប់មកយើងចូលមកដល់ខ្លោងទ្វារមហានគរ ដែលនៅខាងលើមានរូប ព្រះលោកេស្វរៈ។ ជ្រុងនីមួយៗមានខ្លោងទ្វារមួយនៅចំកណ្ដាល បែរទៅទិសទាំងបួន។ លើកលែងតែជ្រុងខាងកើត ដែលមានទ្វារពីរ គឺទ្វារជ័យមួយទៀត ដែលចាក់ចំទៅរកប្រាសាទភិមានអាកាស។ តាមខ្លោងទ្វារទាំងបួនទិស មានផ្លូវ៤ ទៅជួបគ្នាកាត់ចំកណ្ដាលទីក្រុងនគរធំ ដែលនៅទីនោះព្រះបាទជ័យវរ្ម័នទី៧ បានសាងប្រាសាទមួយ ដែលមានលក្ខណខុសប្លែកពីប្រាសាទមុនៗ។ តភ្ជាប់នឹងខ្លោងទ្វារ មានជញ្ជាំងថ្មយ៉ាងខ្ពស់សំរាប់ការពារទីក្រុង ដែលគេអាចដើរយាមកាមចុះឡើងបាន។ នៅជាប់កំផែងនោះ មានប្រលាយទឹកតូចមួយទៀត ព័ទ្ធជុំវិញមហានគរ ហើយហូរភ្ជាប់ចូលទៅក្នុងស្រះធំមួយឈ្មោះ បឹងធំ ដែលមានបណ្ដោយប្រវែង ៤០០ម និងទទឹង ២០០ម។ ដោយសំអាងទៅតាមទំហំដីស្រែចំការនៅជុំវិញ ដែលមានបញ្ជាក់នៅក្នុងសិលាចារឹក ដោយយោងទៅតាម នយោបាយទឹករបស់ព្រះមហាក្សត្រខ្មែរ ដែលមានចំនួនបារាយ ស្រះព្រែក និងគូជាច្រើន បូករួមទាំងប្រជាជន ដែលប្រកបមុខរបរផ្សេងទៀតផង នគរធំ ឬមហានគរត្រូវមានប្រជាពលរដ្ឋប្រហែលពី ៧០០.០០០ - ៧៥០.០០០ នាក់។ នេះជាការគន់គូរប៉ាន់ស្មានរបស់អ្នកប្រវត្ដិវិទូរ និង អ្នកបុរាណវិទ្យា។
តាមអ្នកឯកទេស ដែលសិក្សាអំពីបូរាណវិទ្យា នគរធំត្រូវបានសង់ទៅតាមបែបផែន ទ្រ្ដឹស្ដីព្រះពុទ្ធសាសនា ទស្សនៈអ្នកកាន់ព្រះពុទ្ធសាសនាយល់ថា នៅកណ្ដាលចក្រវាល មានភ្នំមួយយ៉ាងធំដែលលោកអោយឈ្មោះថា ភ្នំព្រះសុមេរុ ភ្នំនេះមានកំពូលប្រាំ ហើយនៅលើកំពូលភ្នំមានមានស្ថានសួគ៌បីជាន់។ ឯការសាងសង់នគរធំ ក៏មានលក្ខណៈដូចគ្នានេះដែរ គឺជាទីក្រុងមួយរាងបួនជ្រុងដែលនៅចំកណ្ដាល មានប្រាសាទមួយទៀត ជាតំណាងភ្នំព្រះសុមេរុ ប្រាសាទនេះគឺប្រាសាទបាយ័នដែលខ្មែរច្រើនហៅថា ព្រហ្មយ័ន។
ប្រាសាទបាយ័ន គឺជាឈ្មោះប្រាសាទថ្មី ដែលព្រះអង្គបានសង់ឡើងសំរាប់ឧទ្ទិសថ្វាយជូនចំពោះព្រះពុទ្ធសាស នា។ ប្រាសាទបាយ័នបែរមុខទៅទិសខាងកើត មានបណ្ដោយប្រវែង ១៤០ម ទទឹង ១៣០ម មានកំពូល ៥៤ ដូចចំនួនទេវតា និងយក្ខ ដែលយាមតាមស្ពានចូលនគរធំ។ កំពូលកណ្ដាល ដែលខ្ពស់ជាគេ មានកំពស់៤២ម។ កំពូលនីមួយៗមានរូបចំលាក់ព្រះលោកេស្វរៈ ព្រះភ័ក្រ្ដបួន ដែលខ្មែរសាមញ្ញនិយមហៅថាព្រះព្រហ្ម។ ដូច្នេះលើប្រាសាទបាយ័ន មានព្រះភក្រ្ដលោកេស្វរៈទាំងអស់ ២១៦ ដែលញញឹម បែរសំលឹងមើលទៅរកកូនចៅខ្មែរ និងត្រៀមខ្លួនប្រុងប្រយ័ត្ន ចាំថែរក្សាការពារគនរកម្ពុជា ទប់ទល់ប្រឆាំងនឹងខ្មាំងសត្រូវគ្រប់ទិសទី។
លក្ខណៈប្រាសាទបាយ័នមួយទៀត ដែលខុសប្លែកអំពីប្រាសាទជំនាន់មុន គឺស្ថិតនៅត្រង់សិល្បករខ្មែរ បានយកទិដ្ឋភាពជីវភាពរស់នៅក្នុងសង្គមខ្មែរសង្គ្រាមរវាងខ្មែរនឹងចាម និងទស្សនៈសាសនាមកឆ្លាក់ដាក់ផ្ទឹម ក្នុងបរិវេនជាមួយគ្នា តាមចំលាក់ទាំងនោះ គេអាចឃើញនូវទំនាក់ទំនងជិតជាប់គ្នារវាងព្រះពុទ្ធ ស្ថានសួគ៌ និងលោកិយ។ ដែលជាទិដ្ឋភាពមួយមិនធ្លាប់មានក្នុងរូបចំលាក់ជំនាន់ដើម ដែលលើកយកតែប្រវត្ដិព្រះអាទិទេព និងទេវកថាផ្សេងៗ មកបកស្រាយ។
ប្រាសាទតាព្រហ្មប្រាសាទព្រះខ័នប្រាសាទបន្ទាយក្ដីប្រាសាទតាសោមប្រាសាទនាគព័ន្ធស្រះស្រង់ ប្រាសាទទាំងនេះនៅសៀមរាបប្រាសាទព្រះខ័ន កំពង់ស្វាយខេត្ដកំពង់ធំប្រាសាទបន្ទាយឆ្មារ បាត់ដំបង ប្រាសាទភិម័យ នៅប្រទេសសៀមសុទ្ធសឹងជាស្នាដៃដ៏សំខាន់ដែលព្រះបាទជ័យវរ្ម័នទី៧ បានកសាង។ ព្រះបាទជ័យវរ្ម័នទី៧ បានឧទ្ទិសប្រាង្គប្រាសាទទាំងនោះថ្វាយជូនទៅមាតាបិតា ជីដូនជីតា គ្រូបាធ្យាយ អ្នកប្រាជ្ញ និងវិរបុរសខ្មែរជាច្រើនដែលធ្លាប់មានគុណបំណាច់មកលើប្រទេសជាតិ។ នៅតាមប្រាសាទ គេសង្កេតឃើញព្រះប ដិមាករ និង រួបចំលាក់ខ្លះមានព្រះភក្រ្ដមុខមាត់ ដូចតួអង្គដែលគេគោរពបូជា និងរំលឹក។
មន្ទីរពេទ្យចំនួន១០២ ត្រូវបានព្រះអង្គកសាង នៅតាមខេត្ដខ័ណ្ឌនានាក្នុងព្រះរាជានាចក្រ មាននៅលើកទឹកដី ប្រទេសសៀមមួយផ្នែក ទុកសំរាប់ទំនុកបំរុងព្យាបាលប្រជានុរាស្រ្ដ។ សិលាចារឹកខ្មែរនៅប្រាសាទតាព្រហ្ម និងសាយហ្វង ក្នុងប្រទេសលាវ បានកត់ត្រារៀបរាប់អធិប្បាយយ៉ាងក្បោះក្បាយ អំពីមន្ទីរពេទ្យទាំងនោះ ទាំងផ្នែកចាត់ចែងគ្រប់គ្រង់ផ្គត់ផ្គង់ ទាំងផ្នែកចំនាយ និង ឈ្មោះថ្នាំសង្កូវ។ មន្ទីរពេទ្យនីមួយៗមានគ្រូពេទ្យ និងបុគ្គលិករាជការរាប់រយនាក់ ដែលមានភារៈកិច្ចជួយថែរក្សាព្យាបាលអ្នកជំងឺ ប្រជាពលរដ្ឋខ្មែរទាំង៤វណ្ណៈ មានសិទ្ធិសេរីភាព អាចមកព្យាបាលរោគជំងឺ នៅទីនេះបាន។
សិលាចារឹកខ្មែរ បានរំលឹកអំពីទឹកចិត្ដ និងទុក្ខព្រួយរបស់ព្រះបាទជ័យវរ្ម័នទី៧ ដោយសង្កត់យ៉ាងធ្ងន់ថា «ព្រះអង្គឈឺចុកចាប់ខ្លាំងណាស់ ដោយសារទុក្ខព្រួយរបស់ប្រជារាស្រ្ដ ខ្លាំងហើយធ្ងន់ជាងការឈឺចាប់របស់ព្រះអង្គផ្ទាល់។ គឺទុក្ខព្រួយរបស់ប្រជារាស្រ្ដ ដែលនាំមកនូវក្ដីឈឺចុកចាប់ដល់ព្រះមហាក្សត្រ។»
មន្ទីរពេទ្យព្រះបាទជ័យវរ្ម័នទី៧ បានស្ថិតស្ថេរគង់វង្សរហូតមកដល់សព្វថ្ងៃខ្លះដែរ។ មុនសម័យកម្ពុជាកើតមានសង្គ្រាមនាទស្សវត្ស១៩៧០ អ្នកស្រាវជ្រាវបារាំង បានឃើញមន្ទីរពេទ្យព្រះបាទជ័យវរ្ម័នទី៧ ចំនួន៣៣ ក្នុងមន្ទីរពេទ្យទាំង១០២។ មន្ទីរពេទ្យដែលគេរកឃើញក្រៅអំពីនៅក្នុងស្រុកខ្មែរ មាននៅប្រទេសលាវ ប្រទេសសៀម និងយួន។ គេសង្កេតឃើញមន្ទីរពេទ្យទាំងនោះមានទំហំ មានរូបរាងទ្រង់ទ្រាយ និងការចាត់ចែងរៀបចំដូចគ្នា។ មិនតែប៉ុណ្ណោះ តាមទីកន្លែងនីមួយៗ គេក៏រៀបចំអោយមានព្រះពុទ្ធរូប ទុកជាទីសក្ការបូជាសំរាប់អ្នកជំងឺដែរ។
ធម្មសាលា ឬ សាលាសំណាក់
ក៏មានពាសពេញទឹកដីខ្មែរដែរ ព្រះបាទជ័យវរ្ម័នទី៧ ព្រះអង្គបានសង់សាលាសំណាក់ទាំងអស់១២១ នៅតាមផ្លូវឆ្ងាយ ដែលចេញពីមហានគរ ទៅទីក្រុងសំខាន់ៗក្នុងនគរ។ សិលាចារឹកខ្មែរជាច្រើន បានបញ្ជាក់បង្ហាញជាសក្ខីភាព នៃការកសាងផ្លូវថ្នល់គមនាគមន៍ក្នុងរជ្ជកាលរបស់ព្រះអង្គ។សិលាចារឹកប្រាសាទព្រះខ័ន បានចារឆ្លាក់ថា៖
- ពីព្រះរាជធានីនគរធំ ទៅទីក្រុងចំប៉ា មានធ្មសាលា ៥៧ ដែលសង់ហូរហែតាមផ្លូវ សំរាប់ជាកន្លែងឈប់សំណាក់ដល់អ្នកដំណើរ ធម្មសាលានីមួយៗ សុទ្ធតែមានភ្លើងសំរាប់បំភ្លឺ។
- ពីនគរធំ ទៅទីក្រុងភិម័យ មានធម្មសាលា១៧។
- ពីរាជធានីនគរធំ ទៅទីក្រុងជ័យវត្ដី ពីជ័យវត្ដី ទៅទីក្រុងជ័យសិង្ហវត្ដី ពីក្រុងជ័យសិង្ហវត្ដី ទៅទីក្រុងជ័យវីរវត្ដីពីជ័យវីរវត្ដី ទៅទីក្រុងជ័យរាជគីរី ពីជ័យរាជគិរីទៅទីក្រុងសុវីរបុរៈ ហើយជាបញ្ចប់ពីសុវីរបុរៈ ទៅព្រះរាជធានីយសោធបុរៈ ឬនគរធំ ធម្មសាលាមានចំនួន៤៤ ដោយមានភ្លើងសំរាប់បំភ្លឺដែរ។
- ធម្មសាលាមានតែមួយប៉ុណ្ណោះ សំរាប់ទីក្រុងនីមួយៗ នៅស្រីសុរិយាបរព័ត ស្រីវិជ័យអាទិត្យបុរៈ និងកល្យាន សិទ្ធិក។
ធម្មសាលាទាំងនេះ បើយើងគិតទៅតាមចំងាយផ្លូវ សង់ចន្លោះឃ្លាតឆ្ងាយពីគ្នា ពី១២គ.ម ទៅ ១៨.៥០ គ.ម។ នេះជាសក្ខីភាពបញ្ជាក់អំពីផ្លូវគមនាគមន៍ អំពីទំហំទឹកដី សកម្មភាពដំណើរ និងធ្វើជំនួញនៅប្រទេសកម្ពុជា នាសម័យសតវត្សទី១២។ ដូច្នេះហើយ បានជាព្រះមហាក្សត្រខ្មែរព្រះបាទជ័យវរ័្មនទី៧ បានខំប្រឹងកសាងបណ្ដាញសេដ្ឋកិច្ច ដើម្បីសំរួលដល់ជីវភាពរបស់បណ្ដារាស្រ្ដ។ ធម្មសាលា ឬសាលាសំណាក់ព្រះបាទជ័យវរ្ម័នទី៧ មានសល់រហូតមកដល់បច្ចុប្បន្ន នៅលើទឹកដីកម្ពុជានៅប្រទេសលាវ សៀម និងយួន។
ទស្សនៈនយោបាយ
ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះមហាក្សត្រខ្មែរមួយដ៏ធំ នៅក្នុងប្រវត្ដិសាស្រ្ដខ្មែរ។ ព្រះអង្គព្រមទាំងព្រះអគ្គមហេសីទាំងពីរអង្គ បានធ្វើពលិកម្ម បរិច្ចាគកំលាំងពលំ ទ្រព្យសម្បត្ដិ ដើម្បីបូជាថ្វាយចំពោះប្រទេសជាតិ និង ប្រជាជន។ ព្រះអង្គបានធ្វើអោយប្រទេសកម្ពុជារួចខ្លួនចេញពីនឹមនគរចំប៉ា ហើយបានសាងនគរអោយក្លាយទៅជាមហាអំណាចមួយ នៅក្នុងភូមិភាគអាស៊ីអគ្គេយ៍។ ស្នាដៃ និង កិត្យានុភាពរបស់ព្រះអង្គ មិនមែនកើតដោយឯងៗ ចៃដន្យនោះទេ។ អ្វីទាំងអស់សុទ្ធតែជាការគិតគូរ ត្រិះរិះពិចារណាស្វែងរក ដឹងរកយល់ ជាការកសាងរៀបចំព្យាយាម ដាក់ទិសទៅជាគំរោងផែនការណ៍ និង ជាការកសាង។ តាមរយៈប្រវត្ដិរបស់ព្រះអង្គ យើងអាចស្គាស់ និងយល់ យ៉ាងច្បាស់អំពីទឹកចិត្ដស្នេហាជាតិ អំពីឧត្ដមគតិ ទ្រឹស្ដី និង ទស្សនៈនយោបាយ កសាងប្រទេសជាតិរបស់ព្រះ អង្គ។
ចំណោទ
នៅចំពោះមុខព្រឹត្ដិការណ៍ដ៏ធំធ្ងន់ធ្ងរ ដែលកំពុងតែផ្លាស់ប្ដូរ ព្រះបាទជ័យវរ្ម័ទី៧ ដែលជាព្រះរាជបុត្ររបស់ស្ដេចផែនដី ត្រូវប្រកាន់ឥរិយាបថ ដូចម្ដេច? បើយោលទៅតាមប្រវត្ដិរបស់ព្រះអង្គ មុននឹងសំរេចចិត្ដធ្វើអ្វីនីមួយ ព្រះ អង្គបានចោទជាសំនួរសួរខ្លួនឯងជាមុនស្រេចទៅហើយ សំនួរទាំងនោះមានដូចជា។
១. តើព្រះអង្គត្រូវធ្វើដូចម្ដេច បើនៅពេលព្រះបិតាព្រះអង្គចូលទីវង្គត ស្ដេចមួយទៀតក្នុងព្រះញាតិវង្ស មកឆក់ដណ្ដើមរាជសម្បត្ដិពីដៃព្រះអង្គ។
២. តើព្រះអង្គត្រូវប្រកាន់អាកប្បកិរិយាដូចម្ដេចដែរ នៅពេលដែលព្រះមហាក្សត្រពេញច្បាប់ ត្រូវនាម៉ឺនក្បត់លបលួចធ្វើឃាត?
៣. តើព្រះអង្គត្រូវសំរេចចិត្ដធ្វើអ្វី ក្នុងកាលៈទេសៈ ដ៏ធ្ងន់ធ្ងរ ដែលព្រះមហាក្សត្រត្រូវអស់ព្រះជន្ម ហើយទឹកដីត្រូវបរទេស វាយប្រហារចូលលុកលុយ បំផ្លិចបំផ្លាញកាន់កាប់ត្រួតត្រាដាក់ជានគរចំនុះ?
៤. តើព្រះអង្គត្រូវរៀបចំផែនការណ៍ដូចម្ដេច ដើម្បីកទ័ពបង្កើតបង្កើនកំលាំង សំរាប់រំដោះប្រទេសជាតិ? តើព្រះអង្គត្រូវប្រើយុទ្ធសាស្ត្រវិធីរបៀបណា ដើម្បីយកជ័យជំនះលើបច្ចាមិត្រ?
៥. តើព្រះអង្គ ត្រូវរៀបចំគំរោងការណ៍ដូចម្ដេច ដើម្បីកសាងប្រទេសជាតិ ដែលទើបតែឆ្លងផុតចេញពីភ្លើងសង្រ្គាម? ជាពិសេសដើម្បីវាសនាអនាគតរបស់ប្រទេសជាតិ។
ទ្រឹស្ដីព្រះបាទជ័យវរ្ម័នទី៧
ចំលើយព្រះបាទជ័យវរ្ម័នទី៧ស្ថិតនៅក្នុងឥរិយាបថ និង សកម្មភាពទាំងប៉ុន្មានរបស់ព្រះអង្គ។ ចំលើយទាំងនេះ ជាទ្រឹស្ដី និងជាគោលទស្សនៈនយោបាយធំរបស់ព្រះអង្គ ក្នុងការដឹកនាំ និង កសាងប្រទេសជាតិ។ ទ្រឹស្ដីនយោបាយរបស់ព្រះបាទជ័យវរ្ម័នទី២ យើងអាចរកឃើញ នៅតាមសិលាចារឹកផ្សេងៗដូចដែលយើងធ្លាប់បានរៀបរាប់ ពីខាងលើមកស្រាប់។ ទ្រឹស្ដីនយោបាយរបស់ព្រះអង្គ ដែលយើងអាចកត់សំគាល់មានដូចជា ៖
១. ការគោរពច្បាប់ជាបញ្ញាត្ដិធំបង្អស់ សំរាប់អ្នកដឹកនាំប្រទេសជាតិ។ នៅពេលដែលព្រះបាទជ័យវរ្ម័នទី២ត្រូវបានតែងតាំងឡើងធ្វើជាស្ដេច ព្រះបាទជ័យវរ្ម័ទី៧ មិនបានបញ្ចេញអាកប្បកិរិយាប្រឆាំងជំទាស់ទេ។ ព្រះអង្គសុខចិត្ដដាក់ខ្លួនគោរព ព្រះមហាក្សត្រថ្មី ដោយក្ដីស្មោះស្ម័គ្រ។ គឺព្រះអង្គគោរពច្បាប់បទបញ្ជា ដែលនាម៉ឺនមុខមន្រ្ដីទាំងអស់បានសំរេច។
២. និយមសន្ដិភាព ជៀសវាងមិនបង្កបង្កើតសង្គ្រាមក្នុងស្រុក កាប់សំលាប់តែប្រជាជនជាតិឯង ព្រះបាទជ័យវរ្ម័ទី៧ ដែលជាបុត្រមហាក្សត្រ និង ជាមេទ័ពមានទាហានរាប់ម៉ឺននាក់ស្ថិតនៅក្រោមបង្គាប់ មានលទ្ធភាពគ្រប់យ៉ាង នឹងធ្វើសង្គ្រាម ដណ្ដើមយករាជសម្បត្ដិមកវិញ។ តែព្រះអង្គមិនព្រមយកកំលាំងអាវុធ មកដោះស្រាយបញ្ហាផ្ទាល់ខ្លួនទេ។ ក្នុងឱកាសដែលនាម៉ឺន ត្រីភុវ័នអាទិត្យវរ្ម័នក្បត់លួចធ្វើឃាតព្រះបាទយសោវរ្ម័នទី២ ព្រះអង្គមានសិទ្ធិគ្រប់បែបយ៉ាង ដោយសមស្របត្រឹមត្រូវតាមច្បាប់ក្រិត្យវិន័យ និង លើកងទ័ពទាហានពលរេហ៍ ចេញមកកំចាត់ខ្មាំងជ្រែករាជ។ តែព្រះអង្គនៅស្ងៀម បែរទៅសំងំមិនបញ្ចេញសកម្មភាពអ្វីទាំងអស់។
៣. ការពារជាតិមាតុភូមិ ក្នុងគ្រាអាសន្ន ដែលត្រូវបរទេសចូលមកឈ្លានពាន គឺនៅក្នុងកាលៈទេសៈ ដែលស្ដេចនគរចំប៉ា ព្រះបាទជ័យឥន្រ្ទវរ្ម័នទី៤លើក ទ័ពចូលមកវាយប្រហារកាន់កាប់ប្រទេសកម្ពុជា ព្រះមហាក្សត្រខ្មែរអស់ព្រះជន្មទៀត ទើបព្រះបាទជ័យវរ្ម័នទី៧ សំរេចចិត្ដចេញមុខមករំដោះជាតិ។
៤. ដើម្បីឡើងកាន់អំណាចគេត្រូវចេះលាក់ខ្លួន អត់ធ្មត់រង់ចាំពេលវេលា គេត្រូវតែរៀបចំខ្លួន អោយទៅជាមនុស្សល្អប្រសើរ ជាអ្នកអាចដោះស្រាយស្រោចស្រង់ប្រទេសជាតិពីមហន្ដរាយ។ ដោយដឹងថាកំលាំង និង មធ្យោបាយព្រះអង្គមិនគ្រប់គ្រាន់ និងដណ្ដើមយកអំណាចបាន ព្រះបាទជ័យវរ្ម័នទី៧ បាននៅស្ងៀមយកពេលវេលាទុកសំរាប់ត្រិះរិះពិចារណា រកមាគ៌ាល្អ ដែលត្រូវអនុវត្ដទៅថ្ងៃក្រោយ។
៥. ដើម្បីយកជ័យជំនៈឈ្នះលើសត្រូវ ដែលមានកំលាំងខ្លាំងជាងខ្លួន គេត្រូវប្រើវិធីវាយឆ្មក់ ឬ មួយគេត្រូវទុកអោយសត្រូវវាយប្រយុទ្ធនឹងសត្រូវមួយទៀត រហូតទល់តែទន់ខ្សោយ អស់កំលាំងទើបគេធ្វើអន្ដរាគមន៍ជាចុងក្រោយ ទៅបង្ហើយយកអំណាចតែម្ដង ប្រហែលជាដឹងច្បាស់ថាខ្លួនមានកំលាំងស្ទើរមិនគ្រប់គ្រាន់ ដឹងថាស្ដេចជ័យវរ្ម័នទី២ មានមនុស្សចង់ធ្វើគតជាច្រើន ហើយ និងដឹងថា ស្ដេចជ្រែករាជត្រីភុវ័នអាទិត្យវរ្ម័ន នឹងត្រូវក្រុមផ្សេងក្ប ត់ប្រឆាំង ទើបព្រះបាទជ័យវរ្ម័នទី៧សុខចិត្ដសំងំ រង់ចាំពេលវេលាល្អ ដូចដែលមានឆ្លាក់ចារលើសិលាចារឹក។
៦ . យកបញ្ហាអាយុជីវិតអាណាគតរាស្រ្ដ ធ្វើជាធំមុខអំណាច និង ផលប្រយោជន៍ផ្ទាល់ ព្រះមហាក្សត្រ ឬ អ្នកដឹកនាំជាតិ ត្រូវចេះយកទុក្ខព្រួយ ភាពក្រីក្រតោកយ៉ាក លំបាកលំបិន រហេរហាម សោកសៅ របស់ប្រជាជនមកធ្វើជា ទុក្ខព្រួយឈឺចុកចាប់របស់ខ្លួនឯងផ្ទាល់។ គេត្រូវចាត់ទុក ទុក្ខរាស្រ្ដជាធំ ធំជាងទុក្ខផ្ទាល់ខ្លួន។ ផ្ទុយទៅវិញបើគេនាំគ្នាសប្បាយលើកខ្នងរាស្រ្ដ ហើយចាត់ទុករាស្រ្ដជាវណ្ណៈទាសករ ចាំតែបំរើខ្លួន ក្រុមគ្រួសារបក្សពួកខ្លួន ពេលនោះប្រទេសជាតិ នឹងកើតមានអន្ដរកប្បជាមិនខាន។
៧. ការដណ្ដើមយកអំណាចជារឿងមួយ ការរំដោះជាតិចេញពីនឹមអាណានិគមបរទេស ជារឿងមួយទៀត។ ហើយការកសាងជាតិ អោយបានស្គាល់សេចក្ដីសុខសប្បាយ ចំរុងចំរើនរុងរឿង ជារឿងមួយទៀត។ បញ្ហាទាំងបីនេះ មានអត្ថន័យខុសគ្នាទាំងស្រុង។ អ្នកដែលដណ្ដើមអំណាចបាន អ្នកដែលរំដោះជាតិបាន មិនមែនពិតជាអាចកសាងជាតិ រកសេចក្ដីសុខជូនរាស្រ្ដបានទេ។ ត្រង់ចំនុចនេះព្រះបាទជ័យវរ្ម័នទី៧ យល់ច្បាស់ណាស់។ ដូច្នេះហើយបាន ជាក្នុងការកសាងស្វែងរកសេចក្ដីសុខសប្បាយ លូតលាស់ថ្កុំថ្កើងជូនប្រជាជន និងជាតិ ព្រះបាទជ័យវរ្ម័នទី៧ បានកំនត់ទៅលើ ៖
- ការរៀបបញ្ហាការពារប្រទេស អោយបានមាំមួន ដូចការកសាងកំពែងនគរធំ៘
- ការរៀបចំបណ្ដាញទឹក សំរាប់ប្រកបកសិកម្ម
- ការរៀបចំផ្លូវគមនាគមន៍ឆ្វាត់ឆ្វែងទៅគ្រប់ទិសទី ដោយមានសាលាសំណាក់សំរាប់ឈ្មួញ ឬអ្នកដំណើរ
- សេដ្ឋកិច្ចរឹងប៉ឹងខ្លាំងក្លា ដែលអាចមានដំណើរ ដើរល្អដោយសារកត្តាខាងលើ
- ការដោះស្រាយសង្គមកិច្ច ជាពិសេស បញ្ហាសុខាភិបាល ដោយមានសាងមន្ទីរពេទ្យជាដើម៘
សាសនាជាឧបករណ៍នយោបាយ
តែព្រះបាទជ័យវរ្ម័ទី៧ យល់ថាទ្រឹស្ដី និង ចំលើយទាំងប៉ុន្មាន មិនគ្រប់គ្រាន់ទេ សំរាប់ការកសាងប្រទេសជាតិ។ ទ្រឹស្ដីដែលវិវត្ដទៅតាមកាលវេលា គ្មានអ្វីស្ថិតស្ថេរ ហើយអាចរលត់រលាយ វិវត្ដផ្លាស់ប្ដូរយ៉ាងងាយ។ គ្រានោះ ជាតិមានតែសំបកក្រៅ តែគ្មានព្រលឹង គ្មានវិញ្ញាណអ្វីទាំងអស់។ ប្រហែលជាសំអាងទៅលើព្រឹត្ដិការណ៍ជាតិ ទៅលើបញ្ហានគរ ដែលធ្លាប់តែចោទក្នុងអតីតកាលទៅលើជំលោះសាសនា ទៅលើការរីកចំរើនរបស់ព្រះពុទ្ធសាសនា និងទៅលើការពិសោធន៍ផ្ទាល់ខ្លួន ទើបព្រះបាទជ័យវរ្ម័នទី៧ ត្រិះគិតពិចារណា យកព្រះពុទ្ធសាសនាមកធ្វើជាមូលដ្ឋាន សំរាប់ផ្សព្វផ្សាយអនុវត្ដទ្រឹស្ដីរបស់ព្រះអង្គ គឺព្រះអង្គយកទ្រឹស្ដី គោលគំនិតនយោបាយព្រះអង្គ ទៅរំលាយបញ្ចូលក្នុងទ្រឹស្ដីព្រះពុទ្ធសាសនា។ ដូច្នេះទ្រឹស្ដីគំនិតព្រះអង្គ ដែលចេញពីពុម្ពព្រះពុទ្ធសាសនា នឹងអាចក្លាយទៅជាពាក្យពិតរបស់ព្រះពុទ្ធ ដែលប្រជាពលរដ្ឋខ្មែរល្ងង់ខ្លៅត្រូវតែនាំគ្នាជឿគោរពបូជា ឥតហ៊ានធ្វេសប្រហែស។ ម្យ៉ាងទៀត ប្រហែលជាដឹងច្បាស់ថា ប្រជាជនខ្មែរភាគច្រើន កំពុងតែមានជំនឿស៊ប់ទៅលើព្រះពុទ្ធសាសនា ទើបបានជាព្រះអង្គ ចាប់យកព្រះពុទ្ធសាសនា មកធ្វើជាឧបករណ៍នយោបាយ។ មធ្យោបាយនេះ អាចពង្រឹងអំណាចព្រះអង្គផង អាចទទួលនូវការពេញចិត្ដ និងគាំទ្រពីសំណាក់ប្រជារាស្រ្ដផង។
ពាក្យពិតរបស់ព្រះពុទ្ធ ដែលសំខាន់ជាងគេ គឺព្រះពុទ្ធមិនបានឈានចូលនិព្វានទេ ព្រះពោធិសត្វ នៅជិតជាប់នឹងយើង ហើយចាប់ជាតិកំណើតមកជាព្រះមហាក្សត្រ។ ដូច្នេះ ព្រះមហាក្សត្រខ្មែរ មានស្ដេចផង មានព្រះពុទ្ធផង ដែលយើងអាចដាក់ឈ្មោះថា ពុទ្ធរាជ ។
ទស្សនៈនេះ មិនមែនជាទ្រឹស្ដីថ្មីអ្វីទេ គឺជាទស្សនៈទេវរាជ របស់ព្រះបាទជ័យវរ្ម័ទី២ កែប្រែប៉ុណ្ណោះ។ ក្នុងទស្សនៈ ទេវរាជ ព្រះមហាក្សត្រខ្មែរ ជាតួរអង្គព្រះអាទិទេព ហើយលិង្គព្រះសិវៈ ជាតំណាងដែលគេនាំគ្នាធ្វើសក្ការៈបូជា ឥលូវនេះព្រះមហាក្សត្រនៅដដែល ឥតរើរុសទេ។ អ្វីដែលត្រូវផ្លាស់ប្ដូរ គឺលិង្គព្រះសិវៈ ដែលត្រូវទុកដំណែងអោយព្រះពោធិសត្វលោកេស្វរៈ។ ដើម្បីជំរុញព្រះពុទ្ធសាសនា និង ទ្រឹស្ដីថ្មី ព្រះបាទជ័យវរ្ម័នទី៧ បានសាងរូបលោកេស្វរៈ សំរាប់ជាទីសក្ការៈបូជា នៅតាមប្រាសាទធំៗ របស់ព្រះអង្គ ដូចជាប្រាសាទបាយ័ន ខ្លោងទ្វានគរធំ ប្រាសាទតាព្រហ្មប្រាសាទព្រះខ័នជាដើម គេបានប៉ាន់ស្មានថារូបលោកេស្វរៈ នៅកំពូលកណ្ដាលប្រាសាទបាយ័ន ជារូបសំណាកព្រះបាទជ័យវរ្ម័នទី៧។ ទោះបីជាព្រះពុទ្ធសាសនា ត្រូវព្រះបាទជ័យវរ្ម័ទី៧ យកមកធ្វើជាឧបករណ៍សំរាប់បំរើអំណាចផលប្រយោជន៍ផ្ទាល់ ព្រះអង្គក៏ដោយក៏យើងអាចចាត់ទុកជាជំហានថ្មីមួយរបស់សង្គមជាតិខ្មែរដែរ ក្នុងការរើបំរះអំពីអំណាចផ្ដាច់ការ ស្ដេច និង ការបែងចែកវណ្ណៈ។ ជំហានមួយទៀត គឺព្រះពុទ្ធសាសនា ដែលមានមូលដ្ឋានទ្រឹស្ដី ស្ថិតនៅលើបុណ្យបារមី កម្មពៀរវេរាទានសន្ដោសមេត្ដាធម៌៘ អាចមានឥទ្ធិពល ធ្វើអោយព្រះមហាក្សត្រខ្មែរជំនាន់ក្រោយ គោរពអនុវត្ដទៅតាមក្រិត្យក្រមវិន័យ បញ្ញាតិរបស់ព្រះអង្គ ដោយយកទ្រឹស្ដីក្នុងព្រះពុទ្ធសាសនាមកធ្វើជាមូល ដ្ឋានបំរើជាតិគេអាចនឹងករសាងជាប្រទេសជាតិមួយយ៉ាងល្អប្រសើរ។
ប្រភពឯកសារ៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments