Breaking News

លោក វ៉ាន់ឌី កាអុន - [Cambo Page - ខេមបូ ផេក]

ប្រវត្តិសង្ខេប

លោក វ៉ាន់ឌី កាអុន ជាអ្នកស្រាវជ្រាវ និង អ្នកនិពន្ធខ្មែរម្នាក់ ដែលបានលះបង់ពេលវេលានៃជីវិតរបស់លោកដើម្បីសរសេរស្នាដៃប្រវត្តិសាស្ត្រ អក្សរសិល្ប៍ខ្មែរ-បារាំង សង្គមសាស្ត្រ និងទស្សនវិជ្ជា។ លោកត្រូវបានគេស្គាល់តាមរយៈកិច្ចការជាអ្នកសារព័ត៌មាននៃវិទ្យុបារាំងអន្តរជាតិផ្សាយជាខេមរៈភាសា ហើយលោកត្រូវបានចាត់ទុកថាជាបញ្ញវ័ន្តខ្មែរដ៏ឆ្នើមមួយរូបដែលគេពុំត្រូវមើលរំលងឡើយ។

លោក កាអុន បានប្រើចុងប៉ាកកាដ៏មានកម្លាំងរបស់លោក ចែងចារ និងចងក្រងរឿងរ៉ាវសង្គមប្រវត្តិ ចែកចាយជាទស្សនទានដ៏ថ្លៃថ្លាដល់មជ្ឈដ្ឋានសង្គមខ្មែរ ដែលបានឆ្លងកាត់គន្លងប្រវត្តិសាស្ត្រ ឬឆ្លងកាត់ក្តីដែរ តែពុំទាន់បានយល់ជ្រួតជ្រាបឲ្យបានដល់ទីជម្រៅ។
ចំពោះផ្នែកអក្សរសិល្ប៍

លោកបានសរសេររឿងនិទានខ្មែរ បកប្រែ សិក្សាវិភាគ ពិសេសលោកបានលើកយកអក្សរសិល្ប៍បារាំងធំៗមកវិភាគ និងផ្សាយជាភាសាជាតិយើងតាមវិទ្យុ ដើម្បីជាប្រយោជន៍ដល់ជនានុជនខ្មែរ។

សៀវភៅ«ទិដ្ឋភាពខ្លះៗនៃទស្សនវិជ្ជា» ជាការស្រាវជ្រាវថ្មីមួយទៀតរបស់លោក ដែលអាចជាប្រយោជន៍ច្រើនដល់សិក្ខាជនទាំងឡាយដែលចាប់ចិត្តនឹងវិស័យស្វែងរកការពិតនៃទស្សនវិជ្ជា។

លោកវ៉ានឌី កាអុន កើតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៤២ នៅភ្នំពេញ។ លោក បានបំពេញវិជ្ជានៅបឋមសិក្សានិងមធ្យមសិក្សាក្នុងក្រុងភ្នំពេញ។ បន្ទាប់ពីបានប្រឡងជាប់មធ្យមសិក្សាប័ត្រ លោកបានចូលរៀននៅមហាវិទ្យាល័យគរុកោសល្យ ហើយបានទទួលតំណែងជាសាស្ត្រាចារ្យភាសាបារាំងនៅអនុវិទ្យាល័យព្រៃនប់ក្នុងខេត្តកំពត។

នៅឆ្នាំ១៩៦៨ លោកបានមកធ្វើការជាអ្នកនិពន្ធកាសែតភាសាបារាំង Cambodge ក្រោមការដឹកនាំដោយលោក ចៅ សេង ជាឥស្សរជន និងរដ្ឋមន្ត្រី មានឥទ្ធិពលរបស់សម្តេច សីហនុ ក្នុងសម័យសង្គមរាស្ត្រនិយម។ នៅក្នុងឆ្នាំដដែលនេះ លោកទទួលតួនាទី ជាចាងហ្វាងរងនៃភ្នាក់ងារខ្មែរសារព័ត៌មាន (AKP)។

នៅ១៩៦៩ លោកបានទទួលតំណែងជាលេខាធិការនៃកិច្ចការនយោបាយនៅក្រសួងអប់រំជាតិ។ នៅឆ្នាំដដែលលោកបានសហការជាមួយមិត្តដែលមានជំហរនិងគំនិតនយោបាយដូចគ្នាបង្កើតកាសែតភាសាបារាំងមួយមានឈ្មោះថា Le Courrier Phnompenhnois។ នៅឆ្នាំ១៩៧០ លោកបានទទួលការតែងតាំងជាចាងហ្វាងនៃភ្នាក់ងារខ្មែរសារព័ត៌មាន (AKP) ជាចាងហ្វាងរងព្រឹត្តប័ត្រ ចតុមុខ និងជាទីប្រឹក្សាកាសែត មហាជន។ ទន្ទឹមនឹងមុខងារទាំងនេះ លោកបង្រៀនទស្សនវិជ្ជានៅវិទ្យាល័យធំៗពីរនៅក្រុងភ្នំពេញ។

លោកបានមកបន្តវិជ្ជាផ្នែកឧត្តមសិក្សានៅប្រទេសបារាំងនៅឆ្នាំ១៩៧២ ហើយបានត្រឡប់ទៅភ្នំពេញវិញនៅឆ្នាំ១៩៧៤។ លោកបានបន្តការស្រាវជ្រាវរហូតដល់ឆ្នាំ១៩៧៥ ដោយបានបោះពុម្ពផ្សាយនូវសិក្សាកថាមួយចំនួន។ លោកបានរួចជីវិតពីសម័យខ្មែរក្រហម ហើយលោកបានចូលទៅជាសមាជិក«រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា»ដែលបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ ដោយជំនួយកងទ័ពស្ម័គ្រចិត្តវៀតណាម និងកងកម្លាំងប្រដាប់អាវុធប្រជាជនខ្មែរក្រោមកិច្ចដឹកនាំរបស់«រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា»បានវាយយកអំណាចពីរបបខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

នៅឆ្នាំ១៩៨១ លោកបានទទួលការតែងតាំងជាទីប្រឹក្សារដ្ឋ។ នៅឆ្នាំដដែលនេះ លោកបានបង្កើតនៃវិទ្យាស្ថានសង្គមសាស្ត្រក្នុងគោលដៅសិក្សាបែបវិទ្យាសាស្ត្រពីសង្គមនិងនយោបាយ ហើយលោកជានាយកដឹកនាំវិទ្យាស្ថាននេះរហូតដល់ឆ្នាំ១៩៨៩។

អ្នកស្រាវជ្រាវបរទេសនានាដែលមកទស្សនាស្រាវជ្រាវនៅកម្ពុជាតែងមកសាកសួរនិងគារវកិច្ចចំពោះលោកជានិច្ច ហើយអ្នកទាំងនោះស្គាល់ម្យ៉ាងថា លោកជាបញ្ញវ័ន្តមួយរូបក្នុងរបបថ្មីនេះ ហើយម្យ៉ាងទៀតលោកតំណាងចរន្តទំនើបនិយមក្នុងរដ្ឋអំណាចនិងបក្ស។ ដោយមានទំនាស់ទំនុយនឹងរដ្ឋាភិបាលនិងមជ្ឈឹមបក្សកម្មុយនីស្តកម្ពុជា លោកបានត្រឡប់មកប្រទេសបារាំងវិញ ហើយបានទទួលសិទ្ធិជាជនភៀសខ្លួននយោបាយ។ សព្វថ្ងៃលោកធ្វើការជាអ្នកសារព័ត៌មានចូលនិវត្តិន៍នៃវិទ្យុបារាំងអន្តរជាតិក្នុងកម្មវិធីភាសាខ្មែរ (Radio France Internationale : RFI) ដោយលោកមានឯកទេសផ្នែកសិក្សាវិភាគអក្សរសិល្ប៍ខ្មែរ និងវិភាគសៀវភៅចេញថ្មីផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម ។ល។ ទន្ទឹមនឹងកិច្ចការប្រចាំថ្ងៃដើម្បីដោះស្រាយជីវភាព លោកបូជាពេលវេលាទំនេរលើសំណេរនិងការស្រាវជ្រាវ។ អាស្រ័យដោយលោកស្គាល់និងបានរស់នៅក្នុងរបបបួនធំៗនៅស្រុកខ្មែរ ទាំងនេះគឺជាបទពិសោធសំខាន់នាំឲ្យលោកផលិតបានស្នាដៃជាសំណេរមួយចំនួនហើយក្នុងបច្ចុប្បន្ននេះលោកកំពុងសរសេរនិក្ខេបបទមួយក្រោមការដឹកនាំដោយសាស្ត្រាចារ្យ Pièrre-Richard Feray នៅសកលវិទ្យាល័យ Nice ដែលមានប្រធានបទឈ្មោះ ប្រទេសកម្ពុជានិងផលវិបាកក្នុងការចូលរួមរស់ក្នុងពិភពលោកទំនើប (Le Cambodge et ses difficultés d’insertion au monde moderne) ។

នេះស្នាដៃសំខាន់ខ្លះរបស់លោកវ៉ាន់ឌី កាអុន៖
សង្គមសក្តិភូមិខ្មែរនៅក្នុងរឿងទុំទាវ, ភាគ១ (ភ្នំពេញ ១៩៧១)
ក្បួនចិត្តសាស្ត្រ (សិក្សាកថា ភ្នំពេញ ១៩៧១)
វិភាគទាននៃការសិក្សា, ប្រាដកនិយម និងអណ្តែតអណ្តូងនិយម (សិក្សាកថា ភ្នំពេញ ១៩៧៣)
សង្គមសក្តិភូមិខ្មែរក្នុងរឿងទុំទាវ, ទិដ្ឋភាពខ្លះៗនៃសង្គមខ្មែរ (សិក្សាកថា ភ្នំពេញ១៩៧៣)
សង្គមសាស្ត្រ (ភ្នំពេញ ១៩៧៣)
សោកនាដកម្មនៃការអផ្សុករបស់អ្នកស្រី បូវ៉ារី, សិក្សាកថាអក្សរសិល្ប៍បារាំង (ភ្នំពេញ ១៩៧៤)
ស្នេហាចុកឈាមរបស់កំលោះវែរទែរ, សិក្សាកថាអក្សរសិល្ប៍បារាំង (ភ្នំពេញ ១៩៧៤)
Réflexion sur la littérature khmère en français, étude (ភ្នំពេញ ១៩៨១)
រឿងព្រេងបុរាណខ្មែរ, ភាគ១, កម្រងជ្រើសរើសបោះពុម្ពឡើងវិញ (ភ្នំពេញ ១៩៨៧)
រឿងព្រេងបុរាណខ្មែរ, ភាគ២, កម្រងជ្រើសរើសបោះពុម្ពឡើងវិញ (ភ្នំពេញ ១៩៨៧)
កោះបិសាច, រឿងនិទាន (ភ្នំពេញ ១៩៨៧)
វិភាគទាននៃការសិក្សាអក្សរសិល្ប៍ខ្មែរ, ចលនាអក្សរសិល្ប៍ ជីវិតនិយមតាមរយៈរឿងសុភាទន្សាយ (ភ្នំពេញ ១៩៩១)
វិចាណនិយមតាមរយៈរឿងធនញ្ជ័យ, សោកនាដកម្មតាមរយៈរឿងកាកី (ភ្នំពេញ ១៩៩១)
Thmenh Chey en français, étude (ភ្នំពេញ ១៩៩១) Cambodge : 1940-1990. La fin d’une époque, essai (ប៉ារីស ១៩៩១)
Cambodge ou la politique sans les Cambodgiens, essai (ប៉ារីស ១៩៩៣)
Cambodge. La nuit sera longue, essai édité par l’association “Fond d’aides au Cambodge (FAC)” (ប៉ារីស ១៩៩៦)
អក្សរសិល្ប៍បារាំងសតវត្សរ៍ទី២០, ការផ្សាយរបស់អ្នកនិពន្ធ (ភ្នំពេញ ២០១០)
អក្សរសិល្ប៍បារាំងសតវត្សរ៍ទី១៩, ការផ្សាយរបស់អ្នកនិពន្ធ (ភ្នំពេញ ២០១០)
ប្រវត្តិសាស្ត្រកម្ពុជា ភាគ១ ការផ្សាយរបស់អ្នកនិពន្ធ (ភ្នំពេញ ២០១០)
ប្រវត្តិសាស្ត្រកម្ពុជា, ភាគ២, ការផ្សាយរបស់អ្នកនិពន្ធ (ភ្នំពេញ ២០១០)
ប្រវត្តិសាស្ត្រកម្ពុជា ភាគ៣ ការផ្សាយរបស់អ្នកនិពន្ធ (ភ្នំពេញ ២០១០)
សុបិននិងការពិត, ភាគ១, សមាគមកម្ពុជាអាស៊ី (ភ្នំពេញ ២០១២)
សុបិននិងការពិត, ភាគ២, សមាគមកម្ពុជាអាស៊ី (ភ្នំពេញ ២០១២)
ទិដ្ឋភាពខ្លះៗនៃទស្សនវិជ្ជា (ភ្នំពេញ ២០១៣)

No comments