សង្ខេបរឿងសាមកុក ឬ នគរទាំង - [Cambo Page - ខេមបូ ផេក]
សាមគោក៖ ការបកប្រែរបស់អ្នកស្រាវជ្រាវខ្មែរជំនាន់មុន មានការខុសឆ្គងធំមហិមារ ដូចជា សាមកុក គឺជាពាក្យមិនត្រឹមត្រូវគ្មានន័យ គួរបកប្រែថា សាមគោក ព្រោះ យោងលើសំណេរភាសាចិន យួន សៀម ។ ពាក្យថា គោក គឺ នគរ ដូចជា ទីក្រុងបងគោក Bangkok ប្រែថា ក្រុងទេព (បាង/បង ឬ ព្រះ ហ្លួងព្រះបាង ព្រះតាបង. នគរគោកធ្លង ស្រុកគោកខ័ន្ត ស្រុកគោកមន (នគរមន)..កាលណាយើងបកថា កុក គឈយើងបាត់បង់ អត្តន័យដើម Original concept. ការបកខុសមួយទៀត គឺ Sokhornthais ខ្មែរបកប្រែថា សុខោទ័យ គឺខុសពី ន័យដើម សុខោន-ថៃ ឬ នគរថៃ ចំណែក អាយុធ្យា Ayuthia គួរបកប្រែថា Ayuth (ia សំដៅប្រទេស ដូចជា Cambo (ia) Malas (ia) នគរយួន (Yuan.Yunnan, Zhun ដែល ជានគរធំ ក្បែរនគរ ចិន Chen Kingdom
ចាប់តាំងមានមានការឈ្លានពានប្រាសាទព្រះវិហារ ដោយកងយោធា និង រដ្ឋាភិបាលថៃ ឆ្នាំ ២០០៨ ខ្ញុំ បាទ បឿន ចាន់ប៊ន មានការឈីចាប់ ដែលមិនអាច ជួយអ្វីបានច្រើនសម្រាប់ជាតិសាសន៍ខ្មែរ ដែលត្រូវប្រទេសថៃ Thai-land គេមិនគោរពកិច្ចព្រមព្រៀមព្រំដែនឆ្នាំ ១៩០៤ និង ១៩០៧ ដែលជា សន្ធិសញ្ញាព្រំដែន។ ពេលនោះ ខ្ញុំបានចាប់ផ្តើម រកមួលហេតុដែលនាំឲ្យ ប្រទេសថៃប្រកាសថា ពួកគេមិនដែលស្គាល់ សៀម Siam/Siem/Xiem គេថា ព្រំដែនបារាំង សៀម Siam-Franco Treaty គេមិនដែលស្កាល់ ...ក្រោយការវិភាគលើប្រវត្តិសាស្រ្ត ដើមកំណើម សៀម ដើមកំណើត ថៃ ដើមកំណ់ើតខ្មែរ ខ្ញុំបានរកឃើញថា សៀម មិនមែន ថៃ ខ្ញុំសន្ធិដ្ឋានថា សៀម មានជម្លោះពូជសាសន៍ជាមួយ ថៃ បានជា គេដូរប្រទេសទៅជា ប្រទេស ថៃ Thas-land និង សន្ធិដ្ឋាន ពួកខ្មាំងទាំងនោះ មិនគោរពកិច្ចព្រមព្រៀម បារាំងសៀម_-- ជាង១០ឆ្នាំ មកនេះ ខ្ញុំនៅតែបន្តផ្សព្វផ្សាយប្រវត្តិសាស្រ្ត ថៃ និង សៀម ដែលមានអ្នកអាន ជាង ០,៦ លានាក់ Viewer/Online Counter ដែលមើល ប្លុករបស់ខ្ញំ សរសេរអំពីសង្រ្គាមព្រំដែន ខ្មែរ សៀម និង ប្រវត្តិសាស្ត្រ ខ្មែរ សៀម។ គឺពត៍មានដែលខ្ញុំផ្សាយទាំងនោះ ទើបពួកខ្មាំង បែកបាក់សាមគ្គីកាន់តែខ្លាំងឡើង ៗ រហូតឈានដល់ ក្រុមអាវក្រហម ក្រុមអាវលឿង ក្រុមអាវខៀវរបស់ថៃ ឈ្លោះគ្នា ទាមទារបំបែករដ្ឋ...និងចុងក្រោយឈានដល់ការបញ្ចេញឯកសារប្រវត្តិសាស្រ្តពិត មួយចំនួន ដួចខាងក្រោមនេះ
មានមតិមួយលើកឡើងថា សៀម មកពី នគរសាមកុក สามก๊ก
ខាងប្រទេសសៀម គេបកប្រែថា នគរសាមគោក สามก๊ก
ខាងខ្មែរ ប្រែប្រែថា នគរសាមកុក ឬ អាណាចក្រ ៣
មតិមួយវិភាគថា សៀម ជាជនជាតិមកពី រដ្ឋសាន Shan របស់ភូមារ
មានមតិមួយវិភាគលើ វច្ចនានុក្រម ជួនណាត ដោយខ្មែរបកប្រែថា សាមកុក និង Wikipedia
ខ្ញុំវិភាគជាថ្មី ដោយមើលឃើញ ខ្មែរ បកប្រែមិនសូវត្រឹមត្រូវ សូម្បីអ្នកបកប្រែ ពីភាសាថៃ បកពីចិន បកពីអគ្ឡេស បកពី ខ្សែភាពយន្ត និង សំណេរក្នុងសៀមភៅ មានការខុសគ្នាច្រើនអនេក ។ ខ្ញុំ ក៍មាន ភស្តុតាងដែរថា សៀម ជាជនជាតិ មកពី ដែលដីចិន ពីមុន ពេលផ្ទុះសង្រ្គាម សម័យនគរសាមគោក/នគរ៣/ នគរសាមកុក/អាណាចក្រ ៣ គឺចូលមករស់នៅរដ្ឋសាន បន្ទាប់ចូលមក នៅ រដ្ឋព្រះចៅ រួចរដ្ឋនគរស្រីល្វោ ដែលចំណាយពេលជាង ១០០០ ឆ្នាំ។
ខ្ញុំវិភាគរកឃើញមូលហេតុដែល ប្រទេសថៃ គេលាក់កំបាំងប្រវត្តិសាស្រ្ត ដោយគេ សរសេរថា ស្យាម/សៀម/ សៈ យ៉ាម Siam គឺជាថៃ ដែល ថៃ មានប្រវត្តិនៅលើទឹកដីសព្វថ្ងៃតាំងពីជាង ៣០០០ ឆ្នាំ មុនគ្រឹស្តសករាជ្យ !! គេផ្សព្វផ្សាយបែបនេះ បំណងគេមាន កំលាំង ក្នុងការច្បាមយកប្រសាទ និង ទឹកដីខ្មែរ។ ឧ អាយុធ្យាប្រកាសឯករាជ្យឆ្នាំ ១២៣៨ តែសៀម គេទាមទារថាអង្គរវត្តពួកគេអ្នកកសាងដែរ! ពួកគេថា ប្រសាទព្រះវិហារគេក៍សាងដែរ។
រឿងសាមកុក ប្រែសម្រួលដោយឧកញ៉ាវិបុលរាជសេនា នូ កន
សៀវភៅរឿងសាមកុក ប្រែសម្រួលដោយឧកញ៉ាវិបុលរាជសេនា នូ កន មាន ១០ ក្បាល ។
សម័យសាមកុក (គ.ស ២២០-២៨០) សាមកុកជាយុគសម័យដែលកើតពីសភាពការរារាំងអំណាចគ្នានៃកងកម្លាំង ៣ ភាគីមានដូចជា នគរវុយ នគរស៊ូ និងនគរអ៊ូ ដែលនគរមួយៗ ដណ្ដើមគ្នាធ្វើធំ ដោយក្នុងកំឡុងឆ្នាំគ.ស ២២០ ជាពេលដែលនគរវុយឡើងគ្រប់គ្រងអំណាចជំនួសរាជវង្សហានខាងកើត និងដល់ឆ្នាំគ.ស ២៨០ រាជវង្សជិនបង្ក្រាបនគរអ៊ូបានសម្រេចរួបរួមផែនដីចិនឲ្យមានឯកភាពម្ដងទៀត។
មុនពេលកើតជាសម័យសាមកុក ឆ្នាំងគ.ស ១៨៩ ចុងសម័យហានខាងកើត ហានលិងទីស្ដេចសុវណ្ណគត រជ្ជទាយាទលិវ…បន្ដរាជបល្ល័ង្កក្លាយជាស្ដេចហានសៅទី តែបងប្រុសរបស់ហឺថៃហៅឃុបឃិតជាមួយមន្ដ្រីទាហានឈ្មោះយានសាវឬអួនសៀវ បោសសម្អាតមន្ដ្រីដែលជាបដិបក្ស ជាហេតុធ្វើឲ្យនគរកើតការជ្រួលច្របល់យ៉ាងខ្លាំង។ តុងជួឬតាំងតុ ដែលជាមន្ដ្រីគ្រប់គ្រងស្រុកពិងចូវប្រើស្ថានការណ៍ច្រួលច្របល់ខាងលើ ជាលេសលើកទ័ពចូលក្រុងលួយ៉ាងដើម្បីមកជួយ។ ពេលកងទ័ពរបស់តាំងតុចូលដល់លួយ៉ាងហើយ បានដកតំណែងហានសៅទីហើយស្ថាបនាលិវសៀ ជាប្អូនឡើងធ្វើជាហង់តេ ទ្រង់ព្រះនាមថាហានសៀនទី។ ដោយតាំងតុគ្រប់គ្រងអំណាចបញ្ជាការក្នុងដៃ ជាហេតុធ្វើឲ្យមន្ដ្រីចាស់ៗ ដែលមិនយល់ស្របងើបឡើងប្រឆាំង កើតជាសង្គ្រាមផ្ទៃក្នុងនាពេលក្រោយមក។
ចំណែកអួនសៀវវិញ ពេលតាំងតុបរទ័ពចូលលួយ៉ាង ក៏គេចខ្លួនទៅឯស្រុកជីចូវ (បច្ចុប្បន្ននៅក្នុងខេត្ដហឺប៉ិយភាគខាងជើងនៃប្រទេសចិន) អំពាវនាវឲ្យបណ្ដាអ្នកគ្រប់គ្រងនគរជុំវិញរួមកម្លាំងចងសម្ព័ន្ធគ្នាដើម្បីកម្ចាត់តាំងតុ ដែលការនេះអួនសៀវបានឡើងជាមេដឹកនាំសម្ព័ន្ធ។ លុះដល់គ.ស ១៩០ តាំងតុបញ្ជាឲ្យស្ដេចហានសៀនទីភាសខ្លួនទៅក្រុងឆាងអាន ក្នុងខណៈដែលកងទ័ពរបស់តាំងតុកំពុងតែដណ្ដើមអំណាចគ្នា។ បីឆ្នាំក្រោយមក កើតការប្រែប្រួលផ្នែកយោធា (ជាប្រភពនៃរឿងតំណាលការលះបង់របស់តៀវសៀន ស្ដ្រីស្អាតបំផុតក្នុងសម័យនោះ) តាំងតុត្រូវប្រហារ ក្នុងនគរកើតការជ្រួលច្របល់ខ្លាំងឡើង។ ក្នុងពេលនៃការជ្រួលច្របល់នេះ ឆាវឆាវឬចូឆូដែលធ្លាប់ប្រកាសខ្លួនចូលរួមជាមួយសម្ព័ន្ធរបស់អួនសៀវ នាកាលដែលប្រឆាំងនឹងតាំងតុនោះ ក្រោយពេលបង្ក្រាបកងកម្លាំងចោរចងកន្សែងលឿងជាងបីសែននាក់បានហើយ ក៏សន្សំអំណាចឡើងជាធំនៅតំបន់ហឺណាន។ ឆ្នំាគ.ស ១៩៦ ឆាវឆាវដណ្ដើមបានស្ដេចពីតាំងតុ ហើយបង្ខំឲ្យស្ដេចហានសៀនទីឲ្យទៅនៅស្រុកស្វីឆាងនៃតំបន់ហឺណាន ហើយបានចូលគ្រប់គ្រងអំណាចបញ្ជាការលើពួកមន្ដ្រីទាំងពួង និងងាកមកប្រឈមមុខជាមួយក្រុមអួនសៀវដែលមានអំណាចនៅហឺប៉ិយ។ លុះដល់ឆ្នាំគ.ស ២០០ ភាគីទាំងពីរធ្វើសង្គ្រាមផ្ដាច់ព្រាត់នៅកួនទូ ចូឆូឈ្នះចូលគ្រប់គ្រងតំបន់ទំនាបកណ្ដាលនិងភាគខាងជើងរបស់ចិន។លុះដល់ឆ្នាំគ.ស ២០៨ ចូឆូបរទ័ពចុះទៅភាគខាងត្បូង បង្ក្រាបលិវពៀវដែលគ្រប់គ្រងស្រុកជិងចូវ។ ក្នុងពេលនោះលិវប៉ិយឬឡៅពីដែលជាខ្សែញាតិវង្សហាននៅខាងលិវពៀវត្រូវភាសខ្លួនចុះទៅភាគខាងត្បូងទៀត នាំកម្លាំងដែលសេសសល់តិចតួចរួមដៃជាមួយស៊ុនឆ្វៀនឬស៊ុនកួនដែលកាន់អំណាចនៅចៀងតុង (ត្រើយខាងកើតនៃទន្លេយ៉ង់សេ) ហើយនាំជូកឺលៀងឬជូកាត់លៀង (ខុងបេង) ដែលជាទីប្រឹក្សាឆ្នើមរបស់ឡៅពីនិងកម្លាំងទ័ពពីស៊ុនកួនបូកកម្លាំងគ្នាទប់ទល់នឹងទ័ពធំរបស់ចូឆូ។ លទ្ធផលចូឆូចាញ់សង្គ្រាមបាក់ទ័ពខ្ចាត់ខ្ចាយ ដកទ័ពត្រឡប់ទៅភាគខាងជើងវិញ។ ឡៅពីឆ្លៀតឱកាសចូលវាយយកជិងចូវមកវិញ ថែមទាំងចូលវាយយកឆឺងទូធ្វើជាមូលដ្ឋានទ័ព បង្កក្លាយជាសភាពកម្លាំងបីក្រុមដណ្ដើមអំណាចគ្នា ដែលក្លាយទៅជាសម័យសាមកុកនាពេលក្រោយមក។
សភាពកម្លាំងបីក្រុមដណ្ដើមអំណាចគ្រប់គ្រងភាគខាងជើងនិងភាគខាងត្បូងចូឆូតែងតាំងខ្លួនជាវុយអង។ ក្រោយមកឆ្នាំគ.ស ២០០ ចូឆូស្លាប់។ ឆាវភីឬចូភីជាបុត្រាបានកៀបឲ្យស្ដេចហានសៀនទីដាក់រាជ្យបល្ល័ង្ក ហើយស្ថាបនានគរវុយឡើង។ ក្នុងឆ្នាំបន្ទាប់មកទៀត ឡៅពីក៏ប្រកាសស្ថាបនាតាំងខ្លួនជាហង់តេនៅក្រុងឆឺងទូ ប្រើឈ្មោះនគរហាន (ភាគច្រើនហៅថាស៊ូឬស៊ូហាន) ។ ដល់ឆ្នាំគ.ស ២២៩ ស៊ុនកួនឬអ៊ូអងក៏បង្កើតនគរអ៊ូ ប្រកាសខ្លួនជាហង់តេដូចគ្នា។ ដូច្នេះទើបបង្កើតបានជាកម្លាំងបីក្រុម ពោលគឺ វុយគ្រប់គ្រងដែនដីភាគខាងជើង ស៊ូគ្រប់គ្រងដែនដីភាគខាងលិចឆៀងខាងត្បូង ចំណែកអ៊ូគ្រប់គ្រងដែនដីភាគខាងកើតឆៀងខាងត្បូង ដោយនគរពីរនាភាគខាងត្បូងនេះ គឺនគរស៊ូរួមដៃជាមួយនគរអ៊ូប្រឆាំងនឹងនគរវុយនាភាគខាងជើងដែលមានកម្លាំងរឹងមាំជាងគេ។
វិវឌ្ឍនាការនិងការរលំរលាយក្នុងដំណាក់កាលចាប់ផ្ដើម នគរទាំងបីបានយកចិត្ដទុកដាក់ក្នុងការគ្រប់គ្រងនគរ ស្ដារស្ថានភាពសង្គមនិងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន។ នគរដែលមានស្នាដៃលេចធ្លោគឺនគរវុយ ដែលដឹកនាំដោយចូឆូ ដែលចាប់ផ្ដើមពីការស្ដារផលិតផលកសិកម្ម ដោយការកេណ្ឌកម្លាំងទាហានដែលប្រចាំតាមតំបន់នីមួយៗ ឲ្យធ្វើកសិកម្មដំាដុះផលិតស្បៀងសម្រាប់ពេលអនាគត។ រៀបចំកែប្រែប្រព័ន្ធគ្រប់គ្រងដែលធ្លាប់ជាចំណុចខ្សោយរបស់រាជវង្សហានខាងកើត។ ពោលគឺ កំណត់អំណាចរបស់ពួកម្ចាស់ដី បោសសម្អាតអំណាចរបស់បណ្ដាមន្ដ្រីនិងខ្សែញាតិវង្ស ដើម្បីទាក់ទាញការចូលរួមពីប្រជាជនថ្នាក់កណ្ដាលនិងថ្នាក់ក្រោម មានការបែងចែកមន្ដ្រីគ្រប់គ្រងតំបន់ជា ៩ កម្រិត បើកឱកាសឲ្យបុគ្គលដែលមិនបានកើតក្នុងត្រកូលខ្ពង់ខ្ពស់ឲ្យមានឱកាសចូលមកមានអំណាចផ្នែកនយោបាយ ធ្វើឲ្យកើតស្ថេរភាពផ្នែកនយោបាយ។
ផ្នែកសិល្បៈនិងវិទ្យាសាស្ដ្រមានការរីកចម្រើនជាខ្លាំង ដូចជា ផ្នែកវិទ្យាសាស្ដ្រចិនបានលេចឡើងបុគ្គលសំខាន់គឺ ហួថួឬពេទ្យទេវតាហ៊ូតូ ដែលជាអ្នកជំនាញវះកាត់ និងគេនិយាយថាមានការចាប់ផ្ដើមប្រើថ្នាំស្ពឹកក្នុងសម័យនេះដែរ។ ចំពោះសាសនាវិញ ដោយសារលទ្ធិតាវរបស់កងកម្លាំងចោរចងកន្សែងលឿងទទួលបរាជ័យខាងផ្នែកនយោបាយ ទើបធ្លាក់ក្នុងស្ថានភាពទន់ខ្សោយ ខណៈដែលសាសនាព្រះពុទ្ធដែលចូលមកផ្សព្វផ្សាយក្នុងកំឡុងចុងសម័យរាជវង្សហានខាងកើត ក៏ចាប់ផ្ដើមរីកសុះសាយក្នុងក្រុងលួយ៉ាង។
ក្រោយពេលវុយឈីវ៉ាំង យុវក្សត្រឡើងគ្រងរាជ្យបានមិនយូរប៉ុន្មាន អំណាចកណ្ដាលរបស់នគរវុយក៏ចាប់ផ្ដើមរង្គោះរង្គើ កើតការប្រយុទ្ធដណ្ដើមអំណាចរវាងឆាវសួងនិងស៊ឺម៉ាអ៊ីដែលជាអ្នកសម្រេចរាជការជំនួស។ ឆាវសួងចាញ់ត្រូវប្រហារជីវិត។ ត្រកូលស៊ឺម៉ាដែលដឹកនាំដោយស៊ឺម៉ាអ៊ីជាបិតា ស៊ឺម៉ាស៊ឺនិងស៊ឺម៉ាចៅពីរនាក់បងប្អូន ចូលគ្រប់គ្រងអំណាចបានទាំងស្រុងនាពេលនោះ។ ក្នុងឆ្នាំគ.ស ២៦៣ នគរវុយក្រោមការដឹកនាំទ័ពរបស់ត្រកូលស៊ឺម៉ាវាយបង្ក្រាបនគរស៊ូរបស់ឡៅពី។ ក្រោយពីនោះ ២ ឆ្នាំ ស៊ឺម៉ាអៀនបុត្ររបស់ស៊ឺម៉ាចៅក៏បង្ខំឲ្យវុយឈីវ៉ាំងដាក់រាជ្យបល្ល័ង្ក និងស្ថាបនារាជវង្សជិនជំនួសវិញ។
នគរស៊ូ ដឹកនាំដោយឡៅពី បានខុងបេងជាទីប្រឹក្សានិងជាសេនាបតី។ ក្នុងកំឡុងពេលមុនក្រោយការស្ថាបនាជានគរស៊ូមិនយូរប៉ុន្មាន ឡៅពីត្រូវបាត់បង់មេទ័ពសំខាន់ឈ្មោះកួនអ៊ីឬកួនអ៊ូ និងចាងហ្វីឬតៀវហ៊ុ ក្នុងពេលខុសគ្នាតិចតួច ជាហេតុធ្វើឲ្យកម្លាំងធ្លាក់ចុះខ្សោយ គួបផ្សំនឹងការដែលឡៅពីមិនស្ដាប់យោបល់របស់ពួកសេនាអាមាត្យ ចង់ធ្វើសង្គ្រាមជាមួយនគរអ៊ូឆាប់ៗ ដើម្បីសងសឹកឲ្យកួនអ៊ូ។ ចុងក្រោយចាញ់សង្គ្រាមយ៉ាងដុនដាប។ ឡៅពីធ្លាក់ខ្លួនឈឺស្លាប់នៅស្រុកយ៉ុងអាន់។ បុត្រាឈ្មោះលិវឆានឬអាតៅឡើងគ្រងរាជ្យបន្ដ ដោយមានខុងបេងជាអ្នកសម្រេចរាជការផែនដី។
ខុងបេងយល់ឃើញថានគរស៊ូស្ថិតក្នុងសភាពទន់ខ្សោយនិងលំបាកដោយសារការវាយលុកពីជុំវិញ ព្រមជាមួយគ្នានោះតំបន់ភាគខាងត្បូង (បច្ចុប្បន្នគឺសេឆួននិងយូណានរបស់ចិន) កើតភាពច្រួលច្របល់ ទើបត្រូវចរចារស្ងប់សឹកជាមួយនគរអ៊ូ។ ពេលដល់ឆ្នាំគ.ស ២៥៥ ខុងបេងលើកទ័ពចុះទៅខាងត្បូង ធ្វើសឹកយកឈ្នះម៉ឺងហួមេកុលសម្ព័ន្ធក្នុងស្រុក នាំមកនូវសន្ដិភាពមកវិញ។ ក្រោយមក ខុងបេងបានតែងតាំងជនជាតិដើមក្នុងតំបន់ខ្លះចូលបម្រើរាជការនិងកងទ័ព ថែមទាំងមានការនាំមកជាមួយនូវគោនិងសេះមកប្រើក្នុងជួរកងទ័ពទៀតផង។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងជាមួយក្រុមកុលសម្ព័ន្ធក្នុងតំបន់ភាគខាងត្បូងក៏មានការប្រែប្រួលយ៉ាងច្រើន។ ក្នុងពេលជាមួយគ្នាដែរ ផ្នែកកសិកម្មនិងឧស្សាហកម្មបានទទួលអភិវឌ្ឍន៍យ៉ាងលឿន ស្រុកទេសកាន់តែរឹងមាំ ដើម្បីត្រៀមធ្វើសឹកជាមួយនគរវុយរយៈពេលច្រើនឆ្នាំ។ ចុងក្រោយខុងបេងបានធ្លាក់ខ្លួនាឈឺស្លាប់កណ្ដាលទី។ នគរស៊ូត្រូវថយទ័ពត្រឡប់វិញ។ ចាប់ពីពេលនោះមក នគរស៊ូត្រូវក្លាយជាអ្នកចាំរងការវាយលុកវិញ។ ចុងក្រោយក្នុងឆ្នាំគ.ស ២៦៣ នគរវុយលើកទ័ពចូលមកវាយយកនគរស៊ូបានសម្រច។ បុគ្គលសំខាន់នៅនគរអ៊ូ ពីឆ្វេងទៅស្ដាំ មានដូចជា ស៊ុនចៀន ស៊ុនឆឹ ស៊ុនកួន ជិវយី
នគរអ៊ូ កាលដែលកងចោរចងកន្សែងលឿងក្រោកឡើងបង្កចលាចល ស៊ុនចៀន ដែលជាមន្ដ្រីមានតួនាទីទៅបង្ក្រាបក្នុងតំបន់ចៀងណាន។ កាលដែលអួនសៀវនិងបក្សពួករួមដៃគ្នាបង្ក្រាបតុងតុ ស៊ុនចៀនក៏ចូលរួមជាមួយដែរ។ ក្រោយមកពេលស៊ុនចៀនស្លាប់ ស៊ុនឆឹ បុត្រាចូលគ្រប់គ្រងកងទ័ពបន្ដ។ ក្នុងឆ្នាំគ.ស ១៩៤ បានទទួលជំនួយពីចូវអ៊ីឬជិវយី បន្ថែមកម្លាំងទាហានឲ្យកាន់តែរឹងមាំឡើង ចាប់ផ្ដើមពង្រីកអំណាចចូលចៀងតុងខាងកើតនៃទំនាបទន្លេយ៉ង់សេ។ ក្រោយមកពេលចូឆូគ្រប់គ្រងស្ដេចហានសៀនទី ស៊ុនឆឹក៏ងាកមកចូលជាមួយចូឆូ និងបានទទួលយសជាអ៊ូហូវ។ ក្រោយពេលស៊ុនឆឹស្លាប់ ស៊ុនឆ្វៀនឬស៊ុនកួន ជាប្អូនប្រុសចូលបន្ដតំណែង ជាហេតុធ្វើឲ្យចូឆូថយទៅភាគខាងជើង ស៊ុនកួនក៏ចូលគ្រប់គ្រងតំបន់ភាគខាងកើតឆៀងខាងត្បូង កើតជាកម្លាំងនគរបីច្បាំដណ្ដើមអំណាចគ្នា។
បញ្ហាដែលនគរអ៊ូត្រូវប្រឈមគឺ ត្រូវចាំប្រឈមនឹងក្រុមកុលសម្ព័ន្ធយេវ ដែលតែងតែបង្កអសន្ដិសុខ និងកម្លាំងសម្ពាធពីកងកម្លាំងនគរវុយនាភាគខាងជើង។ ក្នុងឆ្នាំគ.ស ២៣៤ ក្រោយយុទ្ធនាការវាយឡោមព័ទ្ធ ធ្វើឲ្យកុលសម្ព័ន្ធយេវដាក់អាវុធព្រមចុះចាញ់។ ក្រោយមក ជនជាតិហាននិងក្រុមកុលសម្ព័ន្ធយេវបានរំលាយចូលគ្នា។ ចំពោះបញ្ហាកងកម្លាំងនគរវុយដែលមានសម្ពាធពីខាងជើងវិញ ក៏បានការវាយលុកនិងដកថយឆ្លាស់គ្នាទៅវិញទៅមក។ ក្រោយពេលខុងបេងស្លាប់និងនគរវុយបង្រ្កាបនគរស៊ូបាន នគរវុយក៏បន្ថែមកម្លាំងសម្ពាធមកលើនគរអ៊ូកាន់តែខ្លាំងឡើង តែដោយសារសមត្ថភាពធ្វើសង្គ្រាមផ្លូវទឹករបស់នគរវុយមានកម្រិត ការប្រយុទ្ធបានអូសបន្លាយតទៅទៀតអស់រយៈពេលជាច្រើនឆ្នាំ។
ក្នុងកំឡុងពេល ៥២ ឆ្នាំនៃការស្ថាបនានគរវុយ បានមានការរុករានដីថ្មីសម្រាប់ធ្វើកសិកម្ម នយោបាយការគ្រប់គ្រងក៏មានស្ថេរភាព ដែនដីតំបន់ចៀងណានមានការអភិវឌ្ឍន៍ផ្នែកធ្វើនាវានិងការដឹកជញ្ជូនផ្លូវទឹកយ៉ាងខ្លាំង ទន្លេផ្សេងៗ បានតភ្ជាប់គ្នារហូតក្លាយជាផ្លូវគមនាគមន៍សំខាន់ពីដែនដីខាងកើតឆ្ពោះទៅដែនដីខាងត្បូង រហូតមានការធ្វើនាវាចរឡើងទៅជើងដល់លៀវតុង ខាងត្បូងធ្វើនាវាចរទៅដល់ណាន់ហៃឬតំបន់សមុទ្រខាងត្បូង។ ពេលដល់ឆ្នាំគ.ស ២៣០ បានមានក្រុមនាវាចរទៅដល់កោះតៃវ៉ាន់ជាលើកដំបូងតាមកំណត់ត្រាប្រវត្ដិសាស្ដ្រ។ ក្រៅពីនេះ រាជទូតពីនគរអ៊ូបានជិះនាវាចុះទៅខាងត្បូងរហូតដល់ភាគខាងត្បូងនៃវៀតណាមនិងអាណាចក្រហ្វូណន (ប្រទេសកម្ពុជាសព្វថ្ងៃ) ជាដើម បានមានការផ្សព្វផ្សាយព្រះពុទ្ធសាសនាពីលួយ៉ាងចុះទៅដែនដីភាគខាងត្បូង តំណាលគ្នានឹងលទ្ធិសាសនាតាវ។
ក្រោយពេលស៊ុនកួនស្លាប់ក្នុងឆ្នាំគ.ស ២៥២ នគរអ៊ូក៏ចុះខ្សោយ។ ក្នុងខណៈដែលនគរវុយដែលដឹកនាំដោយត្រកូលស៊ឺម៉ាចេះតែមានការរឹងមាំជាលំដាប់ ក្រោយពេលការវាយបាននគរស៊ូក្នុងឆ្នាំគ.ស ២៦៣ និងការប្ដូរមកជារាជវង្សជិនក្នុងឆ្នាំគ.ស ២៦៥ រាជវង្សជិននៅវិលវល់ក្នុងការពង្រឹងគ្រឹះរបស់ខ្លួន ជាហេតុធ្វើឲ្យនគរអ៊ូនៅអាចរក្សាអាទិភាពរបស់ខ្លួនបានមួយរយៈទៀត។ ពេលដល់ឆ្នាំគ.ស ២៦៩ នគរជិនទទួលបានអ្នកជំនាញសង្គ្រាមជើងទឹកពីនគរស៊ូ ចាប់ផ្ដើមបង្វឹកកងទ័ពជើងទឹក។ លុះដល់ឆ្នាំគ.ស ២៧៩ កងទ័ពជិនបានលើកមកវាយភាគខាងជើងទន្លេយ៉ងសេនៃនគរអ៊ូ និងអាចចូលដល់រាជធានីចៀនយ៉ែបានក្នុងឆ្នាំគ.ស ២៨០ នគរអ៊ូក៏ដល់ដំណាក់កាលអវសាន។
នៅសម័យសាមកុក ថ្វីបើមានសង្គ្រាមជាប្រចាំ តែសភាពស្រុកទេសមានភាពខុសគ្នាពីភាពច្របូកច្របល់ក្នុងកំឡុងចុងសម័យរាជវង្សហានខាងកើត ដោយសារជាសង្គ្រាមដែលប្រជាជននៃនគរនីមួយៗ ប្រាថ្នាចង់បង្រួបង្រួមផែនដីឲ្យមានឯកភាព។ ផ្នែកកម្លាំងយោធា នគរវុយខ្លាំងជាងគេ បន្ទាប់មកគឺនគរអ៊ូ និងនគរស៊ូខ្សោយជាងគេ ដូច្នេះភារកិច្ចការបង្រួបបង្រួមប្រទេសចុងក្រោយត្រូវធា្លក់លើនគរវុយឬជិន រាប់ចាប់ពីសភាពការច្របូកច្របល់នៅចុងសម័យរាជវង្សហានខាងកើតរហូតដល់ការប្រឈមដាក់គ្នានៃនគរទាំងបីក្នុងសម័យសាមកុកនេះ ជាការវិវត្ដន៍ផ្នែកប្រវត្ដិសាស្ដ្រមួយដំណាក់កាលទៀត តែបើរាប់ជារយៈពេលជាអាយុឃើញថា នគរអ៊ូមានអាយុដល់ទៅ ៥២ ឆ្នាំ នគរវុយ ៤៥ ឆ្នាំ និងនគរស៊ូ ៤៣ ឆ្នាំ។ ក្នុងឆ្នាំគ.ស ២៨០ ពេលជិនអ៊ូទី នៃរាជវង្សជិនលើកទ័ពបោសសម្អាតនគរអ៊ូដែលនៅតែឯងរួចហើយ សម័យសាមកុកក៏មកដល់កាលអវសាន។
ការយល់ឃើញរបស់អ្នកប្រវត្ដិសាស្ដ្រចិនទាក់ទងនឹងការបែងចែកកំឡុងពេលនៃសម័យនេះខុសគ្នាជា ២ ផ្នែក គឺការយល់ឃើញទីមួយ (ឆ្នាំគ.ស ២២០-២៦៥) ចាប់ផ្ដើមពីពេលដែលតាំងតុឡើងកាន់អំណាចជំនួសរាជវង្សហានក្នុងឆ្នាំគ.ស ២២០ និងចុងបញ្ចប់ពេលបង្កើតរាជវង្សជិនជំនួសរាជវង្សវុយក្នងឆ្នាំគ.ស ២៦៥ និងការយល់ឃើញទីពីរគឺ (ឆ្នាំគ.ស ១៩៦-២៨០) ចាប់ផ្ដើមពីពេលដែលតាំងតុបង្ខំឲ្យហានសៀនទីហង់តេអាយ៉ងរបស់ខ្លួន ចេញពីរាជជានីលួយ៉ាងទៅស្វីឆាងក្នុងឆ្នាំគ.ស ១៩៦ និងចុងបញ្ចប់ក្នុងឆ្នាំគ.ស ២៨០ ពេលដែលរាជវង្សជិនបង្ក្រាបនគរអ៊ូបានសម្រេច និងបង្រួបង្រួមផែនដីចិនឲ្យមានឯកភាពម្ដងទៀត។
សាមកុក ឬ នគរបី (English: Romance of the Three Kingdoms, Simplified Chinese:三国演义, Traditional Chinese:三國演義, Pingying: Sānguó yǎnyì) ជាអក្សរសិល្ប៍ប្រវត្តិសាស្រ្តដែលត្រូវបានស្គាល់និងបានទទួលការនិយមជាបន្តបន្ទាប់ ។ សាមកុក ត្រូវបានបញ្ចូលជាឯកអក្សរសិល្ប៍ដែលជាមរតកផ្នែកបញ្ញារបស់ប្រជាជនភាគខាងកើត ដោយមានការបកប្រែលើស១០ភាសានិងបោះពុម្ពផ្សាយទូទាំងពិភពលោក ។ និពន្ធនៅចន្លោះសតវត្សរ៍ទី១៤ នៃរាជវង្សយាន ដោយ លួគាន់ចុង (Chinese:羅貫中, Pingying: LuóGuànzhōng) ។ សាមកុកមានច្រើនអត្ថរស ពោរពេញដោយល្បិចឧបាយ, កលយុទ្ធ, ការដណ្ដើម, គំនុំគុំកួន, ស្មោះត្រង់និងការអភ័យដែលមានសាច់រឿងនិងរឿងរ៉ាវនៅក្នុងរឿងល្អនិងអាក្រក់លាយឡំគ្នា ។ ខ្លឹមសារនៃរឿងសាមកុកគឺនិយាយពីប្រវត្តិសាស្រ្តចិននៅសម័យនគរទាំងបីចន្លោះឆ្នាំ២២០-២៨០1 នៃគ.ស ដោយការចាប់ផ្ដើមរបស់សាមកុកកើតឡើងពីពួកក្បត់ឈ្នួតលឿង (Yellow Turban Rebellion) ដែលបះបោរនៅឆ្នាំ១៨៣2 នៃគ.ស ទើបក្លាយជាមូលហេតុធ្វើឲ្យបុគ្គលទាំង៣គឺ លីវប៉ី (刘备), គួនអ៊ី (關羽) និង តៀវហ៊ុយ ឬ ចាងហ្វី (張飛) ស្បថស្បែធ្វើជាបងប្អូននឹងគ្នា ហើយចូលរួមង្រ្កាបពួកក្បត់ឈ្នួតលឿង និងការដណ្ដើមអំណាចនៅចុងរជ្ជកាលហានជាមួយនឹងនគរនានា ដែលរួមមាននគរវុយ ឬនគរវើយ (魏) នគរចុក ឬនគរស៊ូ (蜀) និងនគរ-ង ឬនគរអ៊ូ (吳) រហូតដល់ការបង្កើតរាជវង្សជិនដោយ ស៊ូម៉ាអៀន (司馬炎) ។ សរុបទៅមានរយៈពេលប្រហែលជា ៦០ ឆ្នាំ ។ ក្រៅពីនេះ សាមកុក ក៏ជាអក្សរសិល្ប៍មួយក្នុងចំណោមកំពូលអក្សរសិល្ប៍ទាំង៤ រួមមាន ស៊ីយ៉ូវជី (西遊記) ឬ Journey to the West, សុងជាង (宋江) ឬ Water Margin និង ហុងឡូវមឹង (红楼梦) ឬ Dream of the Red Chamber ។
រឿងសាមកុកជារឿងរ៉ាវមួយផ្នែកកាលពីក្នុងរវាង ខាងចុងសតវត្សរ៍ទីពីរនិងខាងដើមសតវត្សរ៍ទីបីនៃគ្រិស្តសករាជ ។ កាលចាប់ផ្ដើមកើតរឿងឡើង គេមិនបានកត់ត្រាជាអក្សរទុកមកតាំងពីដំបូងទេ គ្រាន់តែជារឿងនិយាយដំណាលតៗគ្នាមក ។ ដល់សម័យតមកក្រោយទៀត ប្រជាជនជាតិចិននិយមយករឿងសាមកុកនេះទៅតែងលេងល្ខោនដែលយើងហៅថា លេងហ៊ី ទើប នាំឲ្យរឿងសាមកុកនេះសាយភាយចេញទៅ មានអ្នកចេះដឹងរឿងរ៉ាវនេះកាន់តែច្រើនឡើងៗ ទើបអ្នកប្រាជ្ញចិនរួបរួមចងក្រងកត់ត្រាទុកជាអក្សរតមក ។ ដល់សម័យស្រុកចិនចេះឆ្លាក់ពុម្ពអក្សរហើយ គេបានបោះពុម្ពផ្សាយរឿងសាមកុកនេះជាសៀវភៅឡើង ជាដើមហេតុឲ្យរឿងសាមកុកសាយភាយទូទៅក្នុងប្រទេសចិន រហូតដល់នានាប្រទេសផង ។
បើយើងពិគ្រោះមើលសេចក្ដីផ្ទៃរឿងនៃសាមកុកនេះ នឹងយល់ថា អ្នកនិពន្ធរឿងនេះមានបំណងចង់ចងក្រងផ្ទៃរឿងឲ្យទៅជាតម្រា សម្រាប់សិក្សាខាងផ្លូវនយោបាយស្រុកទេសផង ខាងផ្លូវកិច្ចកលក្នុងសឹកសង្គ្រាមផង ហើយតែងបានល្អហូរហែ គួរឲ្យសរសើរដល់គំនិតនិងសេចក្ដីព្យាយាមរបស់អ្នកនិពន្ធរឿងសាមកុក នេះណាស់ ។ ហេតុនេះហើយបានជារឿងសាមកុកនេះបានផ្សាយចេញក្រៅ មិនត្រឹមតែក្នុងស្រុកចិន រហូតដល់នានាប្រទេសផង ។
ចំពោះប្រទេសសៀម គេបានប្រែរឿងសាមកុកចេញពីភាសាចិនជាលើកដំបូងកាលពី ព.ស. ២៣៤៥ ក្នុងសម័យដែលមិនទាន់មានរោងពុម្ពសម្រាប់បោះពុម្ពសៀវភៅផ្សេងៗបាន ហើយគេក៏បានចាត់ការបោះពុម្ពរឿងសាមកុកនេះផ្សាយជាច្រើនលើកដែរ ។ រឿងសាមកុកដែលគេបានចាត់បោះពុម្ពលើកក្រោយបង្អស់ក្នុង ព.ស. ២៤៧០ ប្រហែលជាច្បាប់បោះពុម្ពលើក្រោយនេះហើយដែល អ្នកឧកញ៉ាវិបុលរាជសេនា “កន” តំណាង រាស្ត្រ បានប្រែចេញជាខេមរភាសាចប់សព្វគ្រប់ តែគ្មានឱកាសនឹងបោះពុម្ពផ្សាយរឿងនេះតមកជាច្រើនឆ្នាំ ។ ក្រោយបំផុតលោកបានយកសំណៅប្រែរឿងសាមកុកទៅប្រគល់ឲ្យពុទ្ធសាសន បណ្ឌិត្យដើម្បីឲ្យចាត់ការបោះពុម្ពផ្សាយតាមត្រូវការ ។ ពុទ្ធសាសនបណ្ឌិត្យ បានថ្លែងអំណរគុណចំពោះអ្នកឧកញ៉ាវិបុលរាជសេនា(កន) ហើយសរសើរសេចក្ដីព្យាយាមដែលបានខំខ្វល់ខ្វាយប្រែរឿងដ៏វែងនេះត្រា តែចប់សព្វគ្រប់ ។
ផែនទីប្រទេសចិនសម័យនគរទាំង ៣ ឬ សម័យសាមកុក ឆ្នាំ ២៦២ នៃ គ. ស.
នគរ វុយ
នគរ ចុក
នគរ ង៉
ឯផ្ទៃរឿងសាមកុកនេះ បើសរុបសេចក្ដីឲ្យខ្លីតាមអត្ថាធិប្បាយរបស់ក្រុមព្រះដាំរ៉ុងរាជា នុភាពអ្នកប្រាជ្ញប្រវត្តិសាស្ត្រជាតិថៃ ដូចមានសេចក្ដីតទៅនេះ ៖
«រឿងសាមកុកនេះ ចាប់ផ្ដើមមានរឿងកើតឡើងក្នុងរជ្ជកាលព្រះបាទឡេនតេ កាលពី ព.ស. ៧១១ (រវាង គ.ស. ១៥៨) ដែលជាបឋមហេតុបណ្ដាលឲ្យរាជាណាចក្រចិនបែកខ្ញែកចេញទៅជាបីភាគ ដែលចិនហៅថា “សាមកុក” ។ ព្រះមហាក្សត្រព្រះអង្គនេះ ឥតសមត្ថភាព ទ្រង់ជឿស្ដាប់ពាក្យទូលញុះញង់របស់ពួកខន្ធី (ពួកមនុស្សប្រុសកម្រៀវក្នុងព្រះរាជសំណាក់) ពួកមន្ត្រីតូចធំក្នុងក្រុងក៏គ្មានអ្នកណាមួយខ្លាំងពូកែ ល្មមជាទីគោរពកោតក្រែងរបស់ជនទូទៅ ដរាបដល់ទ្រង់ទីវង្គតទៅ ។ ក្សត្រព្រះអង្គនេះ ទ្រង់មានព្រះរាជបុត្រ២ព្រះអង្គ ព្រះអង្គច្បងព្រះនាម ហង់ជូពៀន ទ្រង់ទទួលគ្រងរាជ្យជាតំណព្រះរាជវង្ស តែព្រះនាង ហូហៅ ជាព្រះវរជននីស្ដីរាជការផែនដីជំនួស ព្រោះព្រះរាជបុត្រនៅកុមារណាស់ ។ ព្រះរាជបុត្រព្រះនាម ហង់ជូហៀប កំព្រាព្រះជននី នាង តាំងថៃហ ជាអយ្យិកាចិញ្ចឹមតាំងពីនៅជាទារក ហើយក៏ខ្វល់ខ្វាយចង់ឲ្យចៅបានរាជសម្បត្តិទើបនាងទាំងពីរទៅជាអរិ នឹងគ្នា ។ ក្រោយព្រះបាទ ឡេនតេ ទីវង្គតទៅនោះ ហូជិន ជាបងព្រះនាង ហូហៅ បានធ្វើជាមន្ត្រីធំក្នុងព្រះរាជវាំង ធ្វើកលឧបាយឲ្យគេសម្លាប់នាង ថៃហ ទៅ ហើយគិតកំចាត់ពួកខន្ធីចេញទៀត ប៉ុន្តែព្រះនាង ហូហៅ រារាំងការពារពួកខន្ធី ។ តមក ហូជិន លបមានចុតហ្មាយសម្ងាត់ទៅដល់ តាំងតុះ ចៅហ្វាយស្រុក ឈីឡុង ឲ្យលើកទ័ពទៅបង្ក្រាបពួកខន្ធីៗបានដឹងរឿង ក៏ធ្វើកលល្បួងឲ្យ ហូជិន ចូលទៅក្នុងវាំង ព្រួតដៃគ្នាចាប់ ហូជិន សម្លាប់ទៅ ។ ពួកខាង ហូជិន បាន ដឹង ខឹងណាស់ក៏នាំគ្នាដុតព្រះរាជវាំង ហើយលើកគ្នាចូលលុកលុយកាប់សម្លាប់ពួកខន្ធីជាចលាចល ។ ក្សត្រគ្រងរាជ្យទ្រង់គេចរត់ទៅស្នាក់នៅទីដទៃ ។ ឯ តាំងតុះ កាលបានឱកាសជាប្រយោជន៍ដល់ខ្លួន ក៏លើកទ័ពចូលក្រុងបង្ក្រាបការចលាចលរាបទាប ហើយទើបដកព្រះមហាក្សត្រ និងព្រះនាង ហូហៅ ជាព្រះវរជននីចេញចាករាជសម្បត្តិ លើក ហង់ជូហៀប ជាព្រះអនុជឡើងគ្រងរាជ្យ ទ្រង់ព្រះនាម ព្រះបាទហៀនតេ តាំងតុះ ក៏តាំងខ្លួនឯងជា “សៀងកុក” (តំណែងអគ្គមហាសេនាបតី) សម្រេចរាជការផែនដី ។ កាល តាំងតុះ បានឡើងជាសៀងកុកហើយ ក៏តាំងប្រព្រឹត្តអំពើទុច្ចរិតផ្សេងៗ ពួកមន្ត្រីនៅក្រុង គ្មានអ្នកណាមួយអាចកំចាត់ តាំងតុះ ចេញ ក៏នាំគ្នារត់ចេញទៅនៅខេត្តក្រៅអស់ជាច្រើន ។ ក្នុងចំណោមពួកដែលរត់ទៅនោះ មានមន្ត្រីពូកែម្នាក់ឈ្មោះ ចូឆូ បានបបួលចៅហ្វាយស្រុកជាច្រើនស្រុក លើកទ័ពទៅបង្ក្រាប តាំងតុះ ប៉ុន្តែ ធ្វើការមិនសម្រេច ព្រោះមិនរួមសាមគ្គីគ្នា ដោយចៅហ្វាយស្រុកអស់នោះគិតតែចង់បានប្រយោជន៍ និងអំណាចតែសព្វៗខ្លួន ម៉្លោះហើយទៅជាទាស់ទែងច្បាំងតែគ្នាឯង ។
តមកមិនយូរប៉ុន្មាន អងអ៊ុន ជាមន្ត្រីធំនៅទីក្រុងក៏គិតធ្វើកលឧបាយកំចាត់ តាំងតុះ ចេញបានសម្រេច ដោយយកស្ត្រីរូបឆោមឆើតធ្វើជានុយ ប៉ុន្តែ អងអ៊ុន មិនអាចចាត់ការស្រុកទេសឲ្យរៀបរយទៅបាន ថែមទាំងក្សត្រទ្រង់រាជ្យក៏ឥតមានសមត្ថភាព ទើបជាហេតុឲ្យពួករបស់ តាំងតុះ មាន លីឈុយ‑គុយគី ជាដើម ធ្វើការសងសឹកសម្លាប់ អងអ៊ុន ទៅទៀត ហើយបង្ខំឲ្យព្រះបាទហៀនតេ តាំងពួកខ្លួនឲ្យធ្វើជាធំក្នុងទីក្រុង ។ នៅទីបំផុត ពួកនេះគិតកំចាត់ព្រះបាទហៀនតេ ចេញ ទ្រង់គេចរត់ចោលទីក្រុងទៅ ទ្រង់បានសេចក្ដីលំបាកវេទនាជាអនេក ហើយមានព្រះរាជឱង្ការឲ្យហៅ ចូឆូ ចូលមកជួយទំនុកបម្រុងទ្រង់ក្នុងឱកាសនោះ ។ ចូឆូ លើកទ័ពចូលទៅបង្ក្រាបពួកក្បត់បានរាបទាបនៅទីក្រុង ហើយបានទទួលតំណែងជាសៀងកុកសម្រេចរាជការផែនដី តែបណ្ដាខែត្រក្រៅនៅតែបះបោររឹងទទឹងតាំងពីកាល តាំងតុះ លីឈុយ‑គុយគី មកនោះ ។ ឯពួកមន្ត្រីដែលរត់ចោលក្រុងទៅក្នុងសម័យ តាំងតុះ ក៏បានត្រឡប់ចូលមកទីក្រុងវិញ ក្នុងពេលដែល ចូឆូ បានធ្វើសៀងកុក ដោយស្ម័គ្រចិត្តចុះចូលនឹង ចូឆូ ក៏មាន ដែលនៅស្ងៀមៗចាំមើលបំណាំក៏មាន ដែលនៅរឹងទទឹងក៏នៅមាន ។
ឯ ចូឆូ នោះ ជាមនុស្សមានសតិបញ្ញាវាងវៃ ជាមេទ័ពមានសតម្ថភាពជាអ្នកអាចគ្រប់គ្រងបង្គាប់បញ្ជាខែត្រក្រៅ នានា អាចធ្វើឲ្យទីក្រុងមានអំណាច មានកម្លាំងកើនចម្រើនឡើងជាងកាលជាន់មុននេះ ។ ប៉ុន្តែ ចូឆូ ច្រើនធ្វើការតាមតែទំនើងចិត្តខ្លួន ពួកនាម៉ឺនដែលមិនមែនជាបក្ខពួក ចូឆូ ច្រើនស្អប់ គិតកំចាត់ចេញ តែគ្មានអ្នកណាហ៊ានកំចាត់ចេញទេ ព្រោះពួកនៅក្រុងស្រឡាញ់ ចូឆូ ដោយភាគច្រើន ។ ចូឆូ ប្រើអំណាចមុខក្រសួងជ្រុលហួសពេក ជាហេតុឲ្យព្រះបាទហៀនតេ ទ្រង់ក្រំព្រះទ័យយ៉ាងខ្លាំង ដល់ទៅទ្រង់យកព្រះលោហិតសរសេរព្រះឱង្ការសម្ងាត់ ហៅរកអ្នកស្វាមីភ័ក្ដិឲ្យគិតកំចាត់ ចូឆូ ចេញ ។ ដំណឹងនេះផ្សាយដល់ខែត្រក្រៅ បណ្ដាពួកចៅហ្វាយស្រុកដែលមានកម្លាំង មិនមែនជាបក្ខពួកខាង ចូឆូ ក៏យល់ថា ចូឆូ ជាសត្រូវនឹងផែនដីដូចជា តាំងតុះ ដែរ ទើបនាំគ្នារឹងទទឹងឡើង ។ ឯ ចូឆូ ដែលប្រកាន់សក្តិខ្លួនជាសៀងកុក ក៏យល់ថាត្រូវតែបង្ក្រាបខែត្រក្រៅដែលរឹងទទឹងជាសត្រូវនឹងផែនដី ទើបជាហេតុឲ្យកើតជាចម្បាំងឡើង ដោយទាំងសងខាងអាងថាច្បាំងបង្ក្រាបពួកក្បាត់ផែនដី ។ ផលនៃការច្បាំងគ្នាជាយូរអង្វែងនោះ ប៉ែកខាងកងទ័ព ចូឆូ ច្បាំងបង្ក្រាបខែត្រក្រៅបានជាចំនួនច្រើន បង្កា្របមិនបានតែបណ្ដាខែត្រដែលនៅក្រោមឱវាទ ស៊ុនគួន និង ឡៅពី ប៉ុណ្ណោះ ។
ស៊ុនគួន ជាម្ចាស់ស្រុកកន្តាំង ជាខែត្រធំៗតាំងនៅទិសខាងកើត ជាអ្នកគ្រប់គ្រងស្រុកទេសបានល្អតាំងនៅក្នុងសីលធម៌ មានមនុស្សនិយមរាប់អានច្រើន ត្រាតែមានកម្លាំងខ្លាំងពូកែឡើងច្រើន ។ ឯ ឡៅពី នោះ ដំបូងជាមនុស្សអនាថា តែមានត្រកូលខ្ពស់ជាប់សែស្រឡាយក្នុង រាជវង្សហ័ន ជាអ្នកមានអធ្យាស្រ័យល្អ ហើយគាប់ចួនបានមនុស្សពូកែមានថ្វីដៃមកចូលធ្វើជានាយទាហានច្រើន នាក់ ទើបមានកេរ្តិ៍ឈ្មោះល្បីឡើង តមកបាន ខុង មេង ជាទីប្រឹក្សាខាងសឹកសង្គ្រាម បានណែនាំឲ្យចងមិត្រនឹង ស៊ុន គួន ព្រួតដៃគ្នាតស៊ូនឹង ចូ ឆូ ទើបរក្សាខ្លួនបានសុខ ហើយគាប់ចួនបានខែត្រ សេ ឆួន តាំងនៅទិសខាងលិចជាបង្អែក ទើបតាំងលក្ខណ៍ឋានបានមាំមួន ។ ឯព្រះបាទ ហៀន តេ ជាព្រះមហាក្សត្រប្រទេសចិន តែព្រះនាមដូចរួបអ្នកតា តែពង្សាវតារចិននៅរាប់ថាជាព្រះមហក្សត្រប្រទេសចិនទាំងមូល ។
លុះ ចូឆូ អនិច្ចកម្មទៅ ចូភី ជាកូនចូឆូបានទទួលតំណែងសៀងកុកជាតំណតមកជំនួសបិតា រួចបានដកព្រះបាទ ហៀន តេ ចេញពីរាជសម្បត្តិ ហើយប្រកាសតាំងខ្លួនឯងឡើងជាព្រះមហាក្សត្រប្រទេសចិន ផ្លាស់រាជវង្សថ្មីហៅថា រាជរង្សវុយ កាលពី ព.ស. ៧៦៣ ។ ប៉ែកខាង ឡៅពី ក៏បានតាំងខ្លួនជាក្សត្រឡើងដែរ ចាត់តាំងរាជវង្សហ័ន ឡើងថ្មីទៀតនៅខែត្រដែនសេឆួន ។ ខាងស៊ុនគួន មិនចង់នៅចំណុះ ចូភី ឬ ឡៅពី ក៏តាំងជាឯករាជ្យឡើងនៅខែត្រដែនកន្តាំង ។ តាំងអំពីកាលណោះមក ប្រទេសចិនទាំងមូលក៏បែកខ្ញែកចេញជាសាមកុក គឺបែកចេញជាបីអាណាចក្រសឹងមានឥស្សរៈដាច់ដោយឡែកពីគ្នា ។ អាណាខែត្ររបស់ព្រះបាទចូភី ហៅថា វុយកុក ។ អាណាខែត្ររបស់ឡៅពីហៅថា ចុកកុក ។ អាណាខែត្ររបស់ព្រះបាទ ស៊ុនគួន ហៅថា ង៉កុក ។ អំណឹះកាលតមក កាលអស់បុណ្យព្រះបាទឡៅពី ចូភី ស៊ុនគួន ហើយ អ្នកគ្រប់គ្រងប្រទេសជាតំណតមក ជាអ្នកឥតសមត្ថភាពទាំងបីកុក ទើប ស៊ុម៉ាចៀវ ដែលជាអ្នកសម្រេចរាជការផែនដីខាង វុយកុក បង្ក្រាបចុកកុកបានមុន រួចតមក ស៊ុម៉ាអៀន បុត្រ ស៊ុម៉ាចៀវ ដណ្ដើមរាជសម្បត្តិ វុយកុក បានផ្លាស់រាជវង្សថ្មីហៅថា រាជវង្សជិន ហើយបង្ក្រាប ង៉កុក បានមួយកុកទៀត ។ ទើបមហាអាណាចក្រចិនត្រឡប់ចូលរួបរួមគ្នាមូលតែមួយបានឡើងវិញ ចប់រឿងសាមកុកដោយសង្ខេបខ្លីត្រឹមប៉ុណ្ណោះ» ។
(កម្ពុជា-ចិន)៖ ខណៈដែលប្រទេសចិនបុរាណកំពុងកើតមានភាពវឹកវរដោយសារសង្គ្រាមសាមកុកនោះ នៅតំបន់អាស៉ីអាគ្នេយ៍ដីគោកឯណេះវិញ ក៏បានលេចឡើងនូវអាណាចក្រដ៏ធំមួយ នោះគឺអាណាចក្រភ្នំរបស់ខ្មែរ ដែលកំពុងមមាញឹកក្នុងការពង្រីកទឹកដី និងការធ្វើជំនួញពាណិជ្ជកម្មជាមួយអន្តរជាតិ ក្នុងនោះនគរភ្នំក៏មានទំនាក់ទំនងជាមួយនគរអ៊ូរបស់ ស៊ុន ឈាន (Sun Qian) ផងដែរ។
តាមរយៈកំណត់ត្រារបស់លោក ចូវ តាខ្វាន់ (Zhou Daguan) បានបង្ហាញថា ជនជាតិខ្មែរ និងជនជាតិចិន គឺធ្លាប់មានទំនាក់ទំនងការទូត និងសេដ្ឋកិច្ចពាណិជ្ជកម្មយ៉ាងជិតស្និទ្ធជាមួយគ្នា ខណៈលោកបណ្ឌិត មីហ្សែល ត្រាណេ (Michel Tranet) បានអធិប្បាយក្នុងសៀវភៅរបស់លោកថា តាមរបកគំហើញថ្មី និងភស្តុតាងមួយចំនួន ដូចជាសិលាចារឹក និងរឿងព្រេងនិទានផងនោះ បានឱ្យយើងដឹងថាជនជាតិចិនមានវត្តមាននៅលើទឹកដីកម្ពុជាតាំងពីមុនគ្រិស្ដសករាជមកម្ល៉េះ។
ដូចដែលយើងបានដឹងហើយថា នាអំលុងសតវត្សរ៍ទី៣ ប្រទេសចិនបុរាណមានការបែងបាក់គ្នាជា ៣នគរ រួមមាន៖ នគរវ៉ី (Cao-Wei) នៅភាគខាងជើង នគរស៊ូហាន (Shu-Han) នៅភាគខាងលិច និងនគរអ៊ូ (Sun-Wu) នៅភាគខាងកើត (សម័យសាមកុក)។ សម្រាប់នគរអ៊ូនេះទៀតសោត ត្រូវបានប្រវត្តិសាស្ត្រកត់ត្រាថាធ្លាប់មានទំនាក់ទំនងទាំងការទូត និងជំនួញពាណិជ្ជកម្មជាមួយនគរភ្នំរបស់ខ្មែរ ខណៈនគរអ៊ូក៏នៅជាប់នឹងសមុទ្រផងដែរ។ អាណាចក្រភ្នំកាលណោះ គឺសោយរាជ្យដោយព្រះបាទស្រីមារៈ ដែលភាសាចិនហៅថា ហ្វានឆាន។
ម្យ៉ាវិញទៀត បើយោងតាមសៀវភៅប្រវត្តិសាស្រ្តខ្មែរ ដែលរៀបរៀងដោយលោកសាស្ត្រាចារ្យ ត្រឹង ងា ក៏បានឱ្យដឹងដែរថា នៅគ្រិស្ដសករាជ ២៤៣ ព្រះបាទស្រីមារៈ បានបញ្ជូនរាជទូតខ្មែរទៅកាន់ប្រទេសចិនខាងត្បូង (សំដៅលើរាជាណាចក្រតុងអ៊ូ) ដើម្បីនាំព្រះរាជ្យដង្វាយជាឧបករណ៍ភ្លេង និងវត្ថុប្រណីតផ្សេងៗទៅថ្វាយស្ដេចក្រុងចិន។ ចំណែកឯស្ដេចក្រុងចិននៃនគរអ៊ូនេះក៏តែងបញ្ជូនរាជទូត និងអ្នកជំនួញរបស់ខ្លួនមកធ្វើជំនួញទិញដូរវត្ថុប្រណីតៗនៅនគរខ្មែរនេះផងដែរ។
ពាក់ព័ន្ធនឹងជំនួញអន្តរជាតិរវាងប្រទេសមិត្តទាំងពីរនេះ សៀវភៅប្រវត្តិសាស្ត្រចិនដែលសរសេរដោយជនជាតិបារាំង ហ្សាក ហ្សែណេ (Jacques Gernet) ក៏បានបញ្ជាក់ថា នគរតុងអ៊ូបានបញ្ជូនបេសកជន និងអ្នកជំនួញពីប្រទេសខ្លួនឱ្យមកកាន់នគរភ្នំលើកដំបូងនៅគ្រិស្ដសករាជ ២២៨។
លុះដល់នៅគ្រិស្ដសករាជ ២៤៥-២៥០ បេសកទូតចិនចំនួនពីររូប គឺលោក ខាង ថាយ (Kang Tai) និងលោក ជូ យីង (Zhu Ying) ព្រមទាំងពួកអភិជននគរអ៊ូមួយចំនួនបានមកធ្វើទស្សនកិច្ចរាជធានីវ្យាធបុរៈ ដែលជារាជធានីធំរបស់អាណាចក្រភ្នំ។ កំណត់ត្រារបស់បេសកទូតចិនទាំងពីររូបនេះ បានផ្ដល់ព័ត៌មានយ៉ាងច្រើនសម្រាប់ការស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរ។
សូមជម្រាបថា តាំងពីសម័យអាណាចក្រភ្នំមក ប្រទេសកម្ពុជាធ្លាប់មានកំពង់ផែអន្តរជាតិធំមួយ នោះគឺកំពង់ផែអូរកែវ ដែលបច្ចុប្បន្នស្ថិតនៅដែនដីកម្ពុជាក្រោម។
តាមរយៈឯកសារទាំងនេះ អ្នកស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្តជាតិ-អន្តរជាតិមានមតិស្របគ្នាថា នគរភ្នំ និងនគរអ៊ូ គឺពិតជាធ្លាប់មានចំណងការទូត និងជំនួញពាណិជ្ជកម្មជិតស្និទ្ធជាមួយគ្នាពិតមែន៕
No comments