វណ្ណយុត្តិ - [Cambo Page - ខេមបូ ផេក]
យើងជាកូនខ្មែរ ត្រូវតែស្គាល់វណ្ណយុត្តិទាំងនេះ
វណ្ណយុត្ត ជានាម មានន័យថា គ្រឿងប្រដាប់សម្រាប់ប្រើផ្សំជាមួយនឹងអក្សរ; វណ្ណយុត្តសម្រាប់ប្រើក្នុងភាសាខ្មែរដែលមានសណ្ឋាន ១៩ យ៉ាងគឺ៖
១- វិសជ៌នី ឬ វិសគ៌ៈ ឬក៏ រះមុខ (ះ ) គឺសម្រាប់ប្រើរះពីមុខអក្សរ, ដូចជា : ខ្លះ, ម្លិះ, លុះ, ចេះ, ឈ្មោះ ជាដើម។
២- មូសិកទន្ត ឬ ធ្មេញកណ្តុរ ( ៉ ) គឺសម្រាប់ប្រើសម្លាប់បំបែរសំឡេងព្យញ្ជនៈ ៩ តួគឺ ង, ញ, ន, ប, ម, យ, រ, ល, វ, មានសំឡេងជា ង៉, ញ៉, ន៉, ប៉, ម៉, យ៉, រ៉, ល៉, វ៉, និងប្រើដាក់ពីលើស្រៈ « ិ » ឲ្យជា « ឺ » ។
៣- ត្រីសព្ទ (៊) គឺសម្រាប់ប្រើដាក់លើអក្សរ ៤ តួ ប, ស, ហ, អ, ឲ្យមានសំឡេងធំជា ប៊, ស៊, ហ៊, អ៊ ដូចពាក្យថា ត្បូងប៊ុត, ស៊ងស្លា, ឮស៊ាន, ស៊ុនសម្ដី; មិនហ៊ានទៅ, ចូលហ៊ុន, ស្រែកហ៊ោ, អ៊ុះអ៊ះ ជាដើម។ ប៉ុន្ដែតួ “ស” កាលណាបើមានស្រៈ ឥ ឬ ឦ នៅពីខាងលើ នឹងផ្លាស់រូបត្រីសព្ទ ( ៊ ) នេះចេញដូចយ៉ាង ស៊ីបាយ ដូច្នេះជាដើមវិញក៏បាន។
៤- ទណ្ឌឃាដ ឬ បដិសេធ (៍) គឺសម្រាប់ដាក់ឃាត់អក្សរមិនឲ្យមានសំឡេងដូចជា ប្រយោជន៍, យោជន៍, ខ្លឹមច័ន្ទន៍ ជាដើម។
៥- របាទ ឬ រេផៈ ( ៌ ) គឺប្រើចំពោះតែភាសាសំស្ក្រឹតឬ សំស្ក្រឹតក្លាយ, ដូចជា គ័ភ៌, ទុគ៌ត, ទុព៌ល, ធម៌, បព៌ត, ព័ណ៌, ធម៌អាថ៌ ជាដើម។
៦- រស្សសញ្ញា ឬ បន្តក់ (់) នៅក្នុងវចនានុក្រមសម្តេច ជួន ណាត ពុំឃើញមានពន្យល់ពី រស្សសញ្ញា ឬ បន្តក់ (់) នេះឡើយ។
៧- សំយោគសញ្ញា (័) នៅក្នុងវចនានុក្រមសម្តេច ជួន ណាត ពុំឃើញមានពន្យល់ពី សំយោគសញ្ញា (័) នេះឡើយ។
៨- លេខទោ ឬ អាមេណ្ឌិតសញ្ញា (ៗ) គឺសម្រាប់សរសេររៀងពីខាងមុខពាក្យ ដែលត្រូវថា ផ្ទួន, ដូចជា ផ្សេងៗ, ទីទៃៗ, បងៗ, ប្អូនៗ ជាដើម។
៩- លេខអស្តា (៏) គឺសម្រាប់ដាក់លើអក្សរទោលនាំអក្សរនោះឲ្យមានសំឡេងកញ្ឆក់ខ្លីរហ័ស, ដូចជា ក៏បាន, ក៏ដែរ, ក៏ដោយ, ដ៏បវរ, ដ៏ប្រសើរ, ដ៏ហើយដោយមាស, ព្ធដ៏អាកាស; ហ៏ !, ហ៏យកចុះ !, ន៏ !, នុ៎ះន៏ !; អុញន៏ ! ជាដើម។
១០- កាកបាទ ឬ ជើងក្អែក (+) គឺឈ្មោះវណ្ណយុត្តមួយយ៉ាងមានសណ្ឋានដូចជើងក្អែកសម្រាប់ប្រើជៀតអក្សរដែលសរសេរខុសហើយសរសេរជៀតពីលើ ឬពីក្រោមត្រូវការជើងក្អែកនេះ (+) ។
១១- កុក្កុដនេត្រ ឬ ភ្នែកមាន់ (៙) គឺឈ្មោះវណ្ណយុត្តិមួយយ៉ាង មានសណ្ឋានជាវង់មូលពីរជាន់ តូចក្នុង ធំក្រៅ ស្រដៀងនឹងភ្នែកមាន់ (៙) សម្រាប់ប្រើសរសេរដាក់ត្រង់ក្បាលបន្ទាត់ ដើមសេចក្ដីធំនីមួយៗ (ប្រើតែក្នុងសម័យដើម) ។
១២- របះ (។) គឺឈ្មោះវណ្ណយុត្តមួយប្រភេទមានរូបសណ្ឋានបែបនេះ (។) សម្រាប់រះខណ្ឌឃ្លាក្នុងសង្កាត់នៃប្រយោគវែងខ្លីនីមួយៗ ។
១៣- របះចប់ ឬ របះបរិយោសាន (៕) គឺឈ្មោះវណ្ណយុត្តមួយប្រភេទប្រើក្នុងសម័យបុរាណ ប្រើរូបសណ្ឋានបែបនេះ (៕), ក្នុងសម័យបច្ចុប្បន្ន ប្រើរូបបែបនេះ (។) គឺរូបទោលតែមួយដែរ; ឬជួនប្រើរូបបែបនេះ (។៚) ក៏មាន, រូបបែបនេះ (៕៚) ក៏មាន (ដូចបុរាណដែរ) ។
១៤- គោមូត្រ (៚) គឺឈ្មោះគ្រឿងវណ្ណយុត្តិមួយយ៉ាង មានសណ្ឋានស្រដៀងនឹងកង្កាញ់ទឹកនោមគោ (៚) សម្រាប់ប្រើសរសេរ ដាក់ត្រង់កន្លែងបញ្ចប់សេចក្ដី ដែលចប់អស់ហើយត្រឹមប៉ុណ្ណោះ, ច្រើនប្រើក្នុងទីចប់ស្រេចនៃកាព្យ ។
១៥- រ៉ាត់ ឬ គាប ( } ) គឺឈ្មោះវណ្ណយុត្តមួយប្រភេទសម្រាប់សរសេរគាប កើត កើត ពាក្យទន្ទឹមគ្នា, ដូចជា៖ ថ្ងៃ ៨ និង ១៥ ឬ ១៤ រោច រោច នេះជា : ថ្ងៃ ៨ កើត, ៨ រោច និង ១៥ កើត, ១៥ រោច ឬ ១៤ រោច ដូច្នេះវិញ ។ តែពុំឃើញការពន្យល់ដោយប្រើរ៉ាត់សញ្ញា ឬ គាបសញ្ញា ( } ) បែបនេះឡើយ។
១៦- រជ្ជុសញ្ញា (-) នៅក្នុងវចនានុក្រមសម្តេច ជួន ណាត ពុំឃើញមានពន្យល់ពី រជ្ជសញ្ញា (-) នេះឡើយ។
១៧- មច្ឆណ្ឌសញ្ញា ឬ ពងត្រី (...) គឺសម្រាប់ប្រើក្នុងការរៀបរាប់របស់ផ្សេងៗឬខសេចក្ដីដែលនៅមានទៀត, ដែលមិនទាន់ចប់មិនទាន់អស់, មានន័យប្រហែលនឹងពាក្យ “ជាដើម” : សាលារៀនខ្ញុំមានតុ, ទូ, កៅអី...; ត្រូវយកប្រដាប់ប្រដាឲ្យសព្វគ្រប់ទៅផង ដូចជាឆ្នាំង, ចាន, វែក, ស្លាបព្រា, សម... ។
១៨- បេយ្យាលៈ (។ បេ ។) ឬ (។ល។) គឺសម្រាប់ប្រើបំព្រួញសេចក្ដីវែងឲ្យខ្លីឬច្រើនឲ្យតិច, ប្រើតែអក្សរ១តួខាងដើមថា ។ បេ ។ (ប៉េ) ក៏បាន, ប្រើតែអក្សរខាងចុងថា ។ល។ (ល៉ៈ) ក៏បាន ។
និងទី១៩ ជាវណ្ណយុត្តដែលទើបនឹងបង្កើតថ្មី គឺយុគលពិន្ទុ (ៈ ) គឺសម្រាប់ប្រើចុចសម្រួលពាក្យឲ្យងាយថា ដូចជា ធុរៈ, ភារៈ, ព្យូហៈ, លក្ខណៈ ជាដើម៕
No comments