តែចត់មួយពែង - [Cambo Page - ខេមបូ ផេក]
ប៉ុន្មានថ្ងៃមុន មានគេអញ្ជើញខុងមីងចុះពីភ្នំ ដើរមើលសភាពការណ៏។ តាមការអញ្ជើញនោះ ហាក់ដូចជាមានគេរៀបចំទុក ប្រៀបបាននឹងកាលដែលខុងមីងទៅដល់ទឹកដីតុងអ៊ូ ផ្លូវចូលសំណាក់ស៊ុនឈាន ត្រូវបានមន្ត្រីចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១ សួរដេញពីមួយសំនួរទៅមួយសំនួរ បំណង អោយគាត់ទាល់ឆ្លើយលែងរួច។ នេះបើមិនហៅថា តែចត់ តើជាស្អី? គ្រាន់តែថា តែចត់មួយពែងនោះ អ្នកណាជាផឹកតែប៉ុណ្ណោះ!
និយាយពីភ័ព្វសំណាង គាត់បានជួបរាមច្បង ជាអ្នកខ្លាំងសម្ងំខ្លួន មិនចេញមុខ ពីរ បីនាក់។ អាចនិយាយបានថា ចំណេះដឹង ប្រាជ្ញា ល្បិច និងការយល់ឃើញ លើសខុងមីងដប់ទៅម្ភៃដង។ ពួកគាត់បានដឹកដៃខុងមីងចូលទៅសំណាក់មន្ត្រីមួយ ចាប់ពីក្លោងទ្វានោះ ក៏មានសំនួរ ផ្តើមសួរគាត់ម្តងមួយៗ។
លោកម្ចាស់ម្នាក់កាន់ការផ្នែកឃ្លាំងរាជការ សួរគាត់ថា
» គេ ៖ មើល លោកប្អូនជំនាន់ក្រោយម្នាក់នេះ! លឺថាមានប្រាជ្ញាលើសគេ ហ៊ានតាំងខ្លួនស្មើខុងមីង ប្រៀបវោហាខ្លួនស្មើសន្ធរម៉ុក ល្បិចលើសធនញ្ជ័យ សឹកខ្លាំងជាងស៊ុនជឺ តែមិនដឹងថាមានចំណេះយល់ដឹងពី ពីការរៀបចំទុកដាក់ឃ្លាំងរាជការដែរឫទេ? ចង់សួរថា បើរាល់ថ្ងៃមិនគ្រាន់បើ ម៉េចកាលពីវិបត្តិសេដ្ឋកិច្ចក្រោមមេឃ រង្គើអស់ឋានកណ្តាល ទេវតាក៏ជួយមិនបាន ដល់ថ្នាក់ជម្រុំខ្លះបង្ខំចិត្តកាប់សេះស៊ី តែបែរជា ខាងនរគយើងមិនអី? ត្បិតតែរំញ័របន្តិច តែមនុស្សនៅតែមានសេះមានរទេះ អង្កពេញពាង? សូមលោកប្អូនជួយបំភ្លឺ!
» ខុងមីង ៖ ស្តាប់សម្តីលោកបង ធ្វើអោយខ្ញុំអៀនខ្មាស់ណាស់! ខ្មាស់ត្រង់ថា ហេតុអ្វីបានជានរគនេះមានមន្ត្រីកាន់ការសេដ្ឋកិច្ចដែលរាក់កំផែលបែបនេះ។ ចឹងខ្ញុំចង់អោយលោកស្រមៃថា ទីផ្សាមួយដែលមានមនុស្សកុះករ អ៊ូអររកកន្លែងឈរសឹងមិនបាន តែមានអ្នកសុំទាន ១០ ២០ នាក់។ តើអ្នកសុំទានទាំងនោះ យល់ពីការឡើងចុះថ្លៃទំនិញដែរទេ? ឫក៏ការងារវា គិតតែពីសុំ? ទោះអ្នកលក់ៗមិនដាច់ ទោះអ្នកទិញគ្មានលុយដូចមុន ក៏អ្នកសុំទាននៅតែសុំបាន១សេន… ទោះ១សេនពីមុនទិញបាននំប៉ាវ១ ១សេនឥឡូវទិញបានតាំងម៉ែមួយគ្រាប់ ក៏អ្នកសុំទានមិនខ្វល់ សុំនៅតែសុំ។ អ្នកអោយក៏គេចេះគិត ត្បិតពីមុន១សេនស្មើនំប៉ាវ ឥឡូវទិញមិនបាន ក៏គេនាំគ្នាប្តូរមកអោយម្តង៣សេនវិញដែរ…
» គេ ៖ ចឹងលោកប្អូនចង់ថា នរគយើងជាអ្នកសុំទាន?
» ខុងមីង ៖ មិនហ៊ានទេ! សូមលោកបងពិចារណាចុះ។ ទឹកបឹងចិញ្ចឹមបានមនុស្សមួយស្រុក ទឹកត្រឡោកមិនអាចសូម្បីតែធ្វើអោយដីក្លាយជាភក់ បើទឹកត្រឡោកខ្ចាយអស់ ចឹងគ្រាន់តែដើរទៅដងពីបឹងបន្តិច ក៏គេមិនរីងដែរ… ចឹងកុំនាំគ្នាប្រៀបត្រឡោកនឹងបឹង!
រម្លងដំណាក់កាលនេះ ស្រាប់តែមានតាចាស់ម្នាក់ សក់ស ដៃកាន់ឈើច្រត់ ក្រោកឡើង សួរខុងមីងថាៈ
» គេ ៖ ខុងមីងសម័យហាន កាន់ការខាងប្រឹក្សា រៀបក្បួនសឹកល្បិចប្រយុទ្ធ ស៊ុនជឺសម័យឈូ កាន់ការជាមេទ័ពវ៉ៃយកទឹកដី… តែសម័យនេះមានសន្តិភាព គ្មានការបង្ហូរឈាម វាតទឹកដីមិនបាន ចាំបាច់អីត្រូវការប្រៀបខ្លួនស្មើនឹងមនុស្សទាំងនោះ មើលទៅ អាចៅឯង ប្រៀបខ្លួនខុសកាលៈទេសៈហើយ…
» ខ្ញុំ៖ សូមគោរពរាមច្បង! សំនួរល្អ តែហាក់ដូចជាមិនបានសិក្សាខ្ពស់ទាប។ បើចឹង ចាំបាច់ចំណាយលុយលើទ័ពធ្វើអី? រំសាយកងទ័ពចោលអោយអស់ នាំគ្នាកម្ទេចអាវុធ រុះរើបន្ទាយសាងសង់វិហារតែម្តង ព្រោះ បើសូម្បីតែមេទ័ពក៏មិនត្រូវការ? ខុងមីង អោយយោបលផ្នែកសឹកពេលមានសង្គ្រាម អោយយោបលផ្នែកចិត្តសាស្រ្តពេលប្រមូលទ័ពនិងរាស្រ្ត អោយយោបលផ្នែកនយោបាយពេលនរគខ្សត់ខ្សោយ… ស៊ុនជឺ ប្រដៅស្តេចអោយស្រឡាញ់រាស្រ្ត ប្រដៅរាស្រ្តអោយគោរពស្តេច យកកងទ័ពធ្វើជាកម្លាំង ពេលសង្គ្រាមត្រូវចេះវ៉ៃ ពេលគេបំពានត្រូវចេះការពារ ពេលគ្មានសង្គ្រាមត្រូវចេះកាប់គាស់ធ្វើស្រែចម្ការ… សូមរាមច្បង សិក្សាពីក្បូននិងប្រវត្តិគេឡើងវិញ!
មន្ត្រីកាន់ការនយោបាយ បានបន្តសួរខ្ញុំថាៈ
» គេ ៖ ចឹង សូមខុងមីង ជួយនិយាយពីរឿងនយោបាយបន្តិច… សព្វថ្ងៃ បើមិនអោយរាជការខ្លាំងម៉េចនឹងអាចគ្រប់គ្រងរាស្រ្តបាន? បើរដ្ឋនិងរាស្រ្តស្មើគ្នាដដែល ចឹងចាំបាច់ មានស្តេច មានមន្រ្តី មានរាស្រ្ត ធ្វើអី? រាជការត្រូវមានអំណាច មន្ត្រីខ្លាច រាស្រ្តគោរព ទើបអាចពង្រឹងនរគបាន…
» ខ្ញុំ ៖ អ្នកណាថាមិនអោយរាជការខ្លាំង? អ្នកណាថាមិនអោយមន្ត្រីខ្លាំង? អ្នកថាមិនអោយរាស្រ្តខ្លាំង? ៣នេះត្រូវតែខ្លាំងស្មើគ្នា គ្រាន់តែតួនាទីវាខុសគ្នា។ មិនដឹងថារាមច្បងយល់ ឫធ្វើជាមិនយល់! តើពស់វែក ម៉េចនឹងមានពិសខ្លាំង បើអត់ក្បាល អត់ខ្លួន អត់កន្ទុយ? ត្បិតតែក្បាលសំខាន់ តែវានឹងក្លាយជាអត់ន័យ ពេលគ្មានខ្លួន នឹងកន្ទុយ។ ក្បាល ម៉េចនឹងអាចស៊ីកន្ទុយបាន? កន្ទុយម៉េចនឹងអាចសម្លាប់ក្បាលបាន? ធម្មជាតិមានច្បាប់របស់ធម្មជាតិរួចស្រេចហើយ… សុំសួររាមច្បងខាងណេះវិញថា រាជការខ្លាំង មានអត្ថន័យយ៉ាងម៉េច? មន្រ្តីខ្លាច មានអត្ថន័យយ៉ាងម៉េច? រាស្រ្តគោរពមានអត្ថន័យយ៉ាងម៉េច?…
» គេ ៖ រាជការខ្លាំងពឹកលើអំណាច មន្រ្តីខ្លាចពឹកលើរាជការខ្លាំង រាស្រ្តគោរពក៏ពឹងលើមន្ត្រីខ្លាចនិងរាជការខ្លាំង…
» ខ្ញុំ ៖ រាមច្បងចង់បានន័យថា ថ្នាក់ក្រោមដល់លើមានប្រភពចេញពីអំណាច? ចឹងពស់វែកមានអំណាចទេបើវាមានតែក្បាល? ខ្លួន នឹងកន្ទុយសុទ្ធតែត្រូវគេកាត់ចោលបាត់? អំណាចដែលរាមច្បងនិយាយ បានពីណា? ឫទេវតាប្រទានអោយ? គម្រូព្រះបិតុលាលាវ មានអំណាចទាំងខ្លួនឯង មានប្រាក់មិនដល់១ដម្លឹងផង… ហេតុអី? ព្រោះអំណាចទ្រង់បានពីរាស្រ្ត ប្រៀបបាននឹងពស់វែកមួយក្បាល ដែលមានខ្លួននឹងកន្ទុយសុទ្ធតែខ្លាំង ចិញ្ចឹងក្បាលពេញដោយពិស! សរុបមក រាជការខ្លាំងពឹងលើវិន័យ មន្រ្តីល្អពឹងលើប្រតិបត្តិ រាស្រ្តមធ្យ័តពឹងលើយុត្តិធម៌។
ស្រាប់តែនិយាយមិនទាន់ចប់ស្រួលបួលផង ក៏មានមនុស្សស្រែកមកខ្ញុំ ទាំងកំហឹងថាៈ
» គេ ៖ លោក! បើគ្រាន់បើ សូមលោករកវិធីដោះស្រាយអោយចេញសិនម៉ោ ចាំមកបកស្រាយ… ព្រោះរឿងបកស្រាយ តមាត់ យកម៉ាឈ្នះ ក្មេងក៏វាខ្លាំងជាងលោកដែរ។
» ខ្ញុំ ៖ ហេស! លោកប្រៀបធៀបខ្ញុំទៅនឹងក្មេង សរសើរពេកហើយ… និយាយពីរឿងវិធីសាស្រ្តដោះស្រាយ ខុងមីងខ្ញុំមានតាំងពី នៅអាយុ ១៤ឆ្នាំ។ គ្រាន់គ្មានម្ចាស់ល្អនឹងគួរផ្តល់អោយ! របស់ល្អត្រូវដាក់លក់ ម៉េចនឹងអាចបង្ហាញផ្តេសផ្តាស? លរតែធ្លាក់លើដៃចោរ តើអ្នកណាទទួលខុសត្រូវ?
ខ្ញុំមិននៅខ្ទមប៉ុន្មានថ្ងៃ ព្រោះត្រូវបានគេអញ្ជើញអោយចូលជម្រុំខ្លា សាកល្បងគំនិត! សង្ឃឹមថា ការរៀបរាប់រឿងប៉ុន្មានថ្ងៃនេះ ក៏អាច ក្លាយជាអត្ថបទមានន័យមួយច្បាប់ដែរណា…
សូមជួយណែនាំ…
No comments