លោកនូ កន - [Cambo Page - ខេមបូ ផេក]
លោកនូ កន កើតនៅឆ្នាំ១៨៧៤នៅអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។ មាតានាមនូវ បិតានាមអ៊ុក ជាកសិករ ។ អាយុបាន៩ឆ្នាំ កុមារនូ កន ទៅរៀនសរសេរនិងអាននៅវត្តអង្គត្នោត។ បន្ទាប់មកបានបួសជាសាមណេរក្នុងជន្មាយុ១៤ឆ្នាំ ហើយបានលាចាកសិក្ខាបទមកជាគ្រហស្ថវិញ មួយឆ្នាំក្រោយមក ។ យោងតាមសៀវភៅ«អក្សរសិល្ប៍ខ្មែរសតវត្សទី២០កវីនិពន្ធនិងកម្រងអត្ថបទ»ឱ្យដឹងថា អាយុ១៧ឆ្នាំ លោកនូ កន ទទួលតំណែងជាលេខាធិការលោកចៅហ្វាយខេត្តទ្រាំង នៅវៀតណាម ខាងត្បូងសព្វថ្ងៃ ។ នៅឆ្នាំ១៨៩១ លោកបានចូលទៅបម្រើនៅការិយាល័យក្នុងបរមរាជវាំងអស់រយៈពេល៤ឆ្នាំ ។ បន្ទាប់មកបានផ្លាស់ទៅធ្វើការនៅក្រសួងសុរិយោដី និងក្រសួងរតនាគារ ។
នៅឆ្នាំ១៩០២ លោកនូ កន ប្រឡងជាប់លេខ១ជាអ្នកប្រាជ្ញអក្សរសាស្ត្រ ហើយរដ្ឋបាលបារាំងបានបញ្ជូនលោកឱ្យទៅបន្តការសិក្សាច្បាប់នៅប្រទេសបារាំង ។ ដល់ពេលត្រឡប់មកស្រុកខ្មែរ លោកបានទទួលតំណែងជាបន្តបន្ទាប់គឺចៅហ្វាយខេត្តកំពង់សៀម ជាចាងហ្វាងសាលាដំបូង ជាចាងហ្វាងសាលាឧទ្ធរណ៍ និងជារដ្ឋលេខាធិការក្រសួងកសិកម្ម ។ នៅឆ្នាំ១៩៤៥ លោកបានជាប់ឆ្នោតជាតំណាងរាស្ត្រ នៅមណ្ឌលកោះសូទិន ។
លោកនូ កន បានទទួលអនិច្ចកម្មនៅឆ្នាំ១៩៤៧ (សូមអានអត្ថបទលី ធាមតេង អ្នកនិពន្ធដែលមានឈ្មោះល្បីទំព័រ២១-២៣ ។ សុទ្ធ ប៉ូលីន ត្រូវជាចៅលោកនូ កន បានសរសេរនៅអារម្ភបទរឿងតុង ឈិន បានបញ្ជាក់ថាលោកស្លាប់នៅឆ្នាំ១៩៥០ ។ តែយើងយកអត្ថបទស្រាវជ្រាវលី ធាមតេង ជាគោលព្រោះជាការស្រាវជ្រាវក្រោយ ហើយដោយបានពិនិត្យឡើងវិញ) ។
-ទាវឯក(រឿងល្បែង),ភ្នំពេញ,១៩៤២,៥ភាគ ។
-តុងឈិន(ប្រលោមលោកទំនើប),ភ្នំពេញ,១៩៤៧,២ភាគ ។
-ពិម្ពានិព្វាន(រឿងល្បែង),បោះពុម្ពលើកទី៣,ភ្នំពេញ,១៩៦០ ។
-សាមកុក(រឿងចិន ដែលលោកបានបកពីភាសាថៃមកជាភាសាខ្មែរ),បោះពុម្ពជាបន្តបន្ទាប់ក្នុងទស្សនាវដ្តីកម្ពុជសុរិយាតាំងពីឆ្នាំ១៩៤៨រហូតមកដល់អំឡុងឆ្នាំ១៩៧៣-៧៤ពេលដែលទស្សនាវដ្តីលែងមានជីវិត(ទស្សនាវដ្តីមានកំណើតឡើងវិញនៅឆ្នាំ១៩៩៥) ។
-ឥណាវ(ជាពាក្យរាយ),ពុំបានបោះពុម្ព ។
លោកនូ កន និពន្ធរឿងទាវឯក និងពិម្ពានិព្វានជាកំណាព្យបទពាក្យ៨ ។ ចំពោះរឿងទាវឯក លោកបញ្ជាក់ក្នុងអារម្ភកថាថា«ជារឿងពិតមានតំណាលតាមពាក្យចាស់បុរាណ និងសាស្ត្រាដែលគេតែងទុកមករាប់ពីដំណើរទាវឯកមកដល់ឥឡូវនេះប្រហែលប្រាំរយឆ្នាំហើយតែក្នុងប្រវត្តិសាស្ត្រព្រះរាជពង្សាវតារមិនបានអធិប្បាយ ។ ដែលខ្ញុំចាំរឿងនេះយកមកតែង គឺខ្ញុំយកតាមសម្តីអ្នកចម្រៀងក្នុងហ្លួងកាលរាជ្យព្រះករុណានរោត្តម គង់ព្រះជន្មនៅឡើយបានច្រៀងថ្វាយទ្រង់ព្រះសណ្តាប់ ខ្ញុំស្តាប់ចាំបានឃើញថា សេចក្តីចម្រៀងមានបញ្ហាល្អិតល្អ» (នូ កនរឿងទាវឯក ភាគ១ ភ្នំពេញ,១៩៥៣,ទំព័រក) ។ ដោយយោងលើសំនេរលោកនូ កន រឿងនេះលោកទាញចេញពីអក្សរសិល្ប៍សម្តី ពោលគឺចេញពីសម្តីចម្រៀង ។ រឿងទាវឯក ដែលនិពន្ធដោយលោកនូ កន នេះមានទម្រង់រឿងប្រហាក់ប្រហែលរឿងទំុទាវ ដែលនិពន្ធដោយភិក្ខុសោម នៅព.ស.២៤៥៨(គ.ស.១៩១៥) ។
ចំណែករឿងពិម្ពានិព្វាន អ្នកនិពន្ធបានបញ្ជាក់ថាបានប្រែផ្សំតាមភាសាសៀមដូចមានបញ្ជាក់ថា ៖ «សម័យនេះខ្ញុំរិះចុះសំនួនជាពាក្យជួនផ្ទួនផ្ទេរកែបញ្ហាប្រាំបីពាក្យភាគបួនមួនមាត្រាគឺខេមរានីស្រាយរាយរឿងកាត់ ។ តក្រសែប្រែតាមស្យាមភាសាដែលព្រះអង្គសុមាវតីក្សត្រក្នុងព្រះកេតុជេដ្ឋាធីតាចាត់ទ្រង់អនុវត្តព្រះទានមានប្រាំបី» (នូ កន រឿងពិម្ពានិព្វាន,ភ្នំពេញ,១៩៦០,ទំព័រ២) ។
ចំពោះរឿងឥណាវ និងសាមកុកគឺជារឿងដែលលោកបានដកស្រង់ពីបរទេសដែរ ពោលគឺពីរឿងជ្វា និងរឿងចិន ។ យើងដឹងហើយថា នូ កន លោកពុំចេះភាសាជ្វា និងចិនទេ ប៉ុន្តែចេះភាសាថៃយ៉ាងច្បាស់លាស់ដូចអ្នកប្រាជ្ញខ្មែរមួយចំនួនធំនៅជំនាន់នោះដែលធ្លាប់បានទៅសិក្សារៀនសូត្រនៅប្រទេសថៃគឺមានក្សត្រ មន្ត្រីក្នុងវាំង និងព្រះសង្ឃជាដើម។
រឿងតុង ឈិន ជាស្នាដៃប្លែកពីរឿងនានារបស់លោកនូ កន បានសរសេរជាពាក្យរាយក្នុងសម័យផុសផុលនៃប្រលោមលោកទំនើបពាក្យ«ប្រលោមលោក»លោកនូ កន បានប្រើមុនគេ ដើម្បីបកប្រែពីពាក្យបារាំង Roman គឺជារឿងនិពន្ធជាពាក្យរាយខុសពីរឿងល្បែងដែលតាក់តែងជាកំណាព្យ ។ សូមអានរឿងទាវឯក ទំព័រខ ។ អ្នកនិពន្ធចង់ពណ៌នាស្រុកខ្មែរយើងភ្ជាប់នឹងប្រវត្តិសាស្ត្រនៅសម័យលង្វែកក្នុងអំឡុងសតវត្សទី១៦ ៕
No comments