Breaking News

សម័យអ្នកក្លាហានប្រជុំគ្នា - [Cambo Page - ខេមបូ ផេក]

នឹកឃើញកាលណ៎ោះ ខុងមីងខ្ញុំ រស់នៅជីវភាពស្រែចម្ការ ពឹងលើដៃទាំង២ ពេលថ្ងៃប្រើកម្លាំង ពេលយប់សរសេរអត្ថបទ។ រកបានថ្ងៃនេះ ទុកសម្រាប់ថ្ងៃស្អែក បើស្អែករកមិនបាន មានតែដេកទ្រាំដល់ថ្ងៃរះ នឹងសង្ឃឹមថាថ្ងៃស្អែកមួយទៀត នឹងមិនដូចថ្ងៃស្អែកថ្ងៃនេះទេ! សម្លឹងមើលទៅភាគខាងត្បូង លិច និង កើតសុទ្ធតែជួបគ្រោះរាស្រ្តរងទុក្ខ មនុស្សអាក្រក់ដណ្តើម អំណាច មនុស្សល្អត្រូវគេសម្លាប់ គ្មានគុណធម៌មានតែតូចស៊ីតាមតូចធំស៊ីតាមធំ… អោយតែនឹកឃើញ ដៃទាំង២របស់ខ្ញុំ ស្រាប់តែ អស់កម្លាំងកាប់គាស់លែងរួចទៀត!

រម្លងផុតរយៈពេលរាប់ពាន់ឆ្នាំ មិននឹកស្មាន ខុងមីងខ្ញុំ នៅតែជួបរឿងនេះទៀត… តុងជួ ប្រមូលទ័ពស៊ីលៀង វ៉ៃដល់រាជធានី គ្រប់គ្រងមន្រ្តី បង្ឃាំងស្តេច គម្រាមរាស្រ្ត។ រស់នៅដើម្បីតែវា សុទ្ធតែបក្សពួកគ្នាវា លើកតម្កើងចោរ ទម្លាក់បណ្ឌិត ហុចដាវអោយពួកទុច្ចរិត សម្លាប់អ្នកប្រាជ្ញ។ ពេលបានអំណាចហើយ មិនគិតរៀបចំរាជការ លើកស្ទួយនរគ បែរជាប្រឹងយកតែមានបាន មាសប្រាក់និងអំណាចមិនចេះស្កប់ស្កល់ មិនគិតដល់អនាគតនរគនៅពេល១០០ឆ្នាំទៀត។ នេះដោយសារតែ តុងជួ ជាជនអសមត្ថភាព មិនអាចគ្រប់គ្រងទ័ពស្រេកឃ្លាន ស៊ីលៀងបាន។ បើនិយាយពីប្រវត្តិ ពួកនេះជាចោរលើវាលខ្សាច់ រង់ចាំឱកាសល្អ នឹងអារត្របាក់យកទឹកដីនរគ ហាន! អស់សង្ឃឹមណាស់ អស់សង្ឃឹមណាស់… តំបូងតុងជួនាំទ័ពស៊ីលៀងម៉ោ រាស្រ្តក្រោមមេឃ ខំជួយអបអរ សរសើរវីរៈភាពដែលបានបង្ក្រាបពួកបះបោរកន្សែងលឿង តែបែរជាដូចនាំចចកចូលផ្ទះទៅវិញ។ មានអ្នកសរសេរជេរខ្ញុំថា ឃើញតែគុណវិបត្តិរបស់គេ មិនឃើញគុណសម្បត្តិរបស់គេសោះ! ចឹងខ្ញុំសួរវិញថា គុណសម្បត្តិមួយណាដែលដើម្បីរាស្រ្ត? តុងជួសាងសង់សំណាក់ធំៗ គឺដើម្បីតែខ្លួនវាបានសប្បាយ រីឯរាស្រ្តរស់នៅក្នុងខ្ទម។ តុងជួ វាធ្វើផ្លូវស្អាតពីសំណាក់វាមករាជវាំងប៉ុណ្ណោះ មិនមែនដើម្បីអោយរាស្រ្តបានជិះស្រួលទេ។

ចុះស្ថានភាពសព្វថ្ងៃអាចប្រៀបធៀបត្រូវដែរឫទេ? ខំខ្នះខ្នែងនាំទ័ពក្រពើភាគខាងកើតមកជួយរំដោះនរគនេះពីការកាប់សម្លាប់ នឹកសង្ឃឹមថា រាស្រ្តបានសុខ នរគបានរុងរឿង ១០០ឆ្នាំទៀត នឹងក្លាយជាមហានរគ! តែពេលនេះ ជាង៣ទស្សវត្តហើយ តើយើងនៅឆ្ងាយពីសម័យមហានរគប៉ុណ្ណា? យូរៗទៅរាស្រ្តម្ចាស់ស្រុកមានសិទ្ធិតិចជាងជនចំណូលថ្មី ជនចំណូលថ្មីមានតំណែងធំៗជាងម្ចាស់ស្រុក។ បើដឹងថាប្រវត្តិសាស្រ្តតាំងពីដើមមក ក្រពើភាគខាងកើតដូចជាទ័ពស៊ីលៀងដែលកំពុងសម្លឹងមើលទឹកដីហាន បានឱកាសម្តងនេះ វាមិនងាយនឹងអោយរម្លងផុតឡើយ… មន្ត្រីធំដែលមានសមត្ថភាពពិតប្រាកដ មិនហ៊ាននិយាយ មន្ត្រីធំដែលឡើងដោយបក្សពួក ហ៊ាននិយាយគ្រប់រឿង តែសុទ្ធតែជារឿងថោកទាប គ្មានតម្លៃជាមនុស្សជាតិ នាំនរគធ្លាក់ក្នុងជ្រោះអន្តរាយ។ សង្គមពុករលួយគិតចាប់ពីអ្នកយាមទ្វារ រហូតដល់អ្នកអង្គុយលើហឹង្គ ត្រីធំស៊ីត្រីតូច ត្រីតូចប្រឹងស៊ីត្រីតូចគ្នាឯង… និយាយដល់ត្រឹមនេះ ស្រាប់តែមានអ្នកជេរខ្ញុំទៀត ថាគ្មានភ្នែកមើលសមិត្ថផលសព្វថ្ងៃ! ខ្ញុំនិយាយដូចគ្នា ទាំងអស់នោះគេធ្វើដើម្បីតែប្រយោជន៏ជំនួញរបស់គេប៉ុណ្ណោះ។ ផ្លូវណាដែលជាផ្លូវជីពចរ របរ រកស៊ីគេ គឺមិនសូវដែលខូចទេ ហើយក៏មិនសូវពឹងលើជំនួយគេដែរ សុទ្ធតែមានលទ្ធភាពធ្វើបាន បើមិនអ៊ីចឹង ក៏មានសេដ្ឋីជាមិត្តល្អរបស់គេ ជួយសាងសងអោយទទេរដែរ។ រាស្ត្រក្រ នៅតែក្រ អ្នកមានក៏កាន់តែមាន រីឯអ្នកមានសុច្ចរិតក៏កាន់ខ្សត់ អ្នកមានដោយអំពើអាក្រក់បំពានសង្គម ក៏កាន់តែច្រើន។ រាស្រ្តសព្វថ្ងៃមិនត្រឹមតែនៅក្នុងខ្ទមទេ រកតំបូលជ្រកគ្មានផង! គួរអោយខឹងមែន គួរអោយខឹងមែន…

និយាយពីតុប្រជុំអ្នកក្លាហានខាងនុះវិញ ប្រៀបបាននឹងស្តេចត្រាញ់ទាំង១៨ក្រុម ប្រមូលគ្នាក្រោមទង់យៀនសារ ប្រកាសប្រាប់មេឃដីថារួបរួមដើម្បីសង្គ្រោះនរគ កម្ចាត់ចោរក្បត់ លើកស្ទួយរាជវង្ស។ តែតាមពិតសុទ្ធតែពួកបំបង់បាយ ឆ្លៀតឱកាសកំពុងវឹកវរចង់ចំណេញរៀងខ្លួន។ បានពាក់ផ្លាកអ្នកក្លាហានប៉ុណ្ណឹង ធ្វើឫកក្អេងក្អាង លែងស្គាល់មេឃដី បង្កើតក្រុមផ្តេសផ្តាស ធ្វើអោយខូចសណ្តាប់ធ្នាប់ ចុះឡើងគ្មានបានអ្វីក្រៅពី ប្រមូលគ្នីគ្នាទៅធ្វើជាចោរព្រៃ។ ក្នុងចំណោមក្លែងក្លាយ ក៏មានពិតប្រាកដដែរ… ចឹងមានតែចាំមើលអ្នកណាជាម៉ឹងតឺ អ្នកណាជាសៀនតឺ! ស្តេចត្រាញ់ខ្លះ បានតុងជួប្រគល់ស្រុកអោយតែមួយ ងារជាសម្តេច ច្បាស់ជាបាក់កហរអណ្តាត ចុះចូលជាមួយគេ បោះបង់សម្ព័ន្ធអ្នកក្លាហានចោលអោយនៅកណ្តាលទីមិនខាន! សម្លឹងមើលបច្ចុប្បន្នភាព ក្រុមអ្នកប្រជាធិបតេយ្យប្រមូលផ្តុំគ្នា មានពិតមានក្លែងក្លាយនៅលាយឡំ មានតែអ្នកពិតទើបស្គាល់អ្នកក្លែងក្លែង តែមិនដឹងធ្វើម៉េចក្រៅតែសម្ងំនៅជាមួយ អ្នកប្រជាធិបតេយ្យក្លែងក្លាយ ប្រសើរជាងរស់នៅជាមួយពួកផ្តាច់ការពិតប្រាកដ។ យៀនសាវ និងយៀនស៊ូ កំពុងតែប្រកាសរកអ្នកក្លាហានពីគ្រប់ទិសទីដើម្បីចូលរួមកម្លាំងលើកស្ទួយនរគ។ អ្នកខ្លះក៏ម៉ោ អ្នកខ្លះក៏មិនម៉ោ! អ្នកម៉ោមានយកទ័ពនិងស្បៀងមករៀងៗខ្លួន គ្រាន់តែតិច ហើយនឹងច្រើន។ ម្នាក់ៗសុទ្ធតែបើកភ្នែកធំៗចាំមើលគ្នា មិនហ៊ានបិទឡើយ ព្រោះខ្លាចម្នាក់ទៀតឆ្លៀតឱកាសយកចំណេញ… តែទោះជាយ៉ាងណាក៏ដោយ អ្វីៗគ្រប់យ៉ាងត្រូវចាប់ផ្តើមពីតុប្រជុំអ្នកក្លាហាននេះសិន​ ទោះល្អនៅជាមួយអាក្រក់ អាក្រក់ប៉ាន់ស្មានមិនច្បាស់ វាជាជំហានចាប់ផ្តើមតំបូងនៃកលយុគ។ តាមពិតសម្ព័ន្ធអ្នកក្លាហានមួយនេះ មានទ័ពខ្លាំងសេះល្អ តែមិនព្រមចេញច្បាំង បើទោះបីតុងជួមដល់មាត់ទ្វារក៏ដោយ។ ត្រូវសួរថា ហេតុអ្វីមិនព្រមចេញច្បាំង? ព្រោះសុទ្ធតែនៅមើលបំណាំគ្នា ដណ្តើមគុណសម្បត្តិ ចង់ចេញមុខមាត់ ខ្លាចទាំងក្រៅការពារទាំងក្នុង… អីយ៉ា ចំជាឥតប្រយោជន៏មែន! កិច្ចការធំសុទ្ធតែចេញពីភាពទាល់ច្រក ចឹងខុងមីងខ្ញុំមានតែនៅសម្ងំចាំមើល ពឹងលើសំណាក់អ្នកក្លាហានមួយនេះហើយ ថាតើពេលណាទើបអ្នកខ្លាំងពិតប្រាកដចេញមុខ។

ខុងមីង ផានថុង ស៊ីញអ៊ី សៀនឈូ លូស៊ូ កុងជីង ស៊ឺម៉ាអ៊ី… សុទ្ធតែចេញមុខពេលតុអ្នកក្លាហាន បែបខ្ញែក រត់រកម្ចាស់រៀងៗខ្លួន បម្រើឧត្តមគិតិផ្សេងៗគ្នា មានឆន្ទះសុទ្ធតែខ្ពស់។ សង្ឃឹមថា ខុងមីងខ្ញុំនិយាយខុសទៅចុះ និយាយខុសគឺមិនត្រូវ មិនត្រូវគឺល្អជាង…

សូមជួយណែនាំ!

No comments