Breaking News

ធ្វើអោយពិតដូចក្លែងក្លាយ ធ្វើអោយក្លែងក្លាយដូចជាពិត - [Cambo Page - ខេមបូ ផេក]

មនុស្សអ្នកសម្តែង ទេវតាជាអ្នកមើល! មនុស្សជាអ្នកឈឺសាច់ ទេវតាជាអ្នកព្យាបាល! បើមិនសម្តែង ទេវតាបានអ្វីមើល? បើមិនឈឺសាច់ ទេវតាបានអ្វីព្យាបាល? សុទ្ធតែមិនអាចប្រកែកបាន ទោះចង់ប្រកែកអោយសមុទ្រប្រែជាសាប តើទៅប្រកែក តវ៉ាជាមួយអ្នកណា? បើសូម្បីតែស្តេចនាគមហាសមុទ្រទាំង៤ ក៏សុខចិត្តរស់ក្នុងទឹកប្រៃដែរនោះ… រឿងខ្លះប្រកែកបានប្រយោជន៏គួរតែប្រកែក រឿងខ្លះប្រកែកមិនបានប្រយោជន៏កុំប្រកែក!

ក្នុងជំពូកទី១ ប្រការទី១៨ នៃក្បួនសឹកស៊ុនអ៊ូនិយាយថា “រាល់ភាពចាញ់ឈ្នះនៃសង្គ្រាម សុទ្ធតែអាស្រ័យលើល្បិច” រីឯក្នុងក្បួនរបស់ ជូកឺលាង នៃសៀវភៅសង្គ្រាមពាន់ឆ្នាំ វគ្គទ្វារ៨ និយាយថា “ក្បួនខ្លាំងឈ្នះមិនដែលចាញ់ គឺអាស្រ័យលើការប្រែប្រួល មិនទៀងទាត់ (…)”។ ចឹងបើមានការប្រែប្រួល ក្នុងភាពប្រែប្រួលនោះត្រូវតែមានល្បិច ល្បិចនោះត្រូវតែដើម្បីឈ្នះ មានប្រយោជន៏ដល់ជីវិតទ័ព ចំណេញដល់រាស្រ្តក្រោមមេឃ។ ការប្រែប្រួល និងល្បិច សុទ្ធតែត្រូវបានមនុស្សជំនាន់មុន ប្រើប្រាស់អស់ហើយ គ្រាន់តែខុសគ្នាត្រង់មធ្យោបាយតែប៉ុន្នោះ។

ក្នុងចំណោមល្បិចទាំងអស់ ដែលមានប្រវត្តិពាន់ម៉ឺនឆ្នាំហើយនោះ ខុងមីងខ្ញុំ ចាប់អារម្មណ៏ ល្បិចមូយដែលនៅតែប្រើប្រាស់បានប្រយោជន៏ មិនចំណាយកម្លាំង មិនចាំបាច់ត្រូវការមនុស្សឆ្លាត ផ្ទុយទៅវិញ មានមនុស្សល្ងង់កាន់តែច្រើន បែរជាកាន់តែបានផល នោះគឺ ធ្វើអោយពិតដូចជាក្លែងក្លាយ ធ្វើអោយក្លែងក្លាយដូចជាការពិត។ ម្សិលម៉ិញ មានលោកប្អូនម្នាក់ រត់មករកខ្ញុំទាំងដង្ហក់ ហើយខ្សឹមប្រាប់ខ្ញុំថា សម្ព័ន្ធត្រកូលយៀន កំពុងចរចារចែកទឹកដី ស្រុកនិងក្រុងគ្នាកាន់កាប់ជាមួយនឹង តុងជួរហើយ។ ទ័ពដែលដាក់នៅសមរភូមិត្រូវដកពាក់កណ្តាល ត្រលប់មកជម្រុំធំវិញ ទ័ពដែលសេះសល់គ្រាន់តែគ្រវីទង់ ស្រែកទៅស្រែកម៉ោ មេទ័ពឡើងសេះ ចេញច្បាំងសាកកម្លាំងគ្នា មិនចាញ់មិនឈ្នះ… ខ្ញុំក៏ចំណាំរឿងនេះទុក្ខក្នុងចិត្ត! ថ្ងៃបន្តិច ខ្ញុំក៏ចុះពីភ្នំ តម្រងទៅរកទីផ្សារ ក៏ស្រាប់តែបានលឺអ្នកលក់នំប៉ាវគេខ្សឹបគ្នាពីរឿងនេះ ម្នាក់នោះថា “បើចឹងដដែល ថ្ងៃក្រោយ ពេលសម្ព័ន្ធត្រកូលយៀន ប្រកាសរើសទ័ព យើងមិនបាច់ទៅទេ នាំតែខកចិត្ត”។

ខ្ញុំស្រាប់តែភ្ញាក់ខ្លួន ដឹងថា សូម្បីតែខុងមីងខ្ញុំ ក៏ប៊ិះតែនឹងចាញ់កលគេហើយណា… ពាក្យចចាមអារ៉ាម ជាកូនល្បិច ដែលគេដឹក ទៅរកអន្ទាក់ធំរបស់គេ គឺបែងចែកពិតនិងក្លែងក្លាយមិនច្បាស់… តំបូងខ្ញុំគិតថា រឿងនេះប្រហែលជាបានដឹងតែមនុស្ស ប៉ុន្មាននាក់ប៉ុន្នោះ តែបែរជាសូម្បីតែនៅទីផ្សាក៏មានមនុស្សនិយាយបែបនេះដែរ ចឹងមានតែ ជាដំណឹងដែលគេមានបំណងចង់ផ្សព្វផ្សាយនោះទេ ដែលអាចឆាប់លឺដល់ត្រចៀករាស្រ្តយ៉ាងនេះ។ នៅពេលដែលរាស្រ្តក្រោមមេឃមើលឃើញពី រឿងនេះហើយ ស្រាប់តែម្នាក់ៗបាក់ទឹកចិត្ត អ្នកមានកូនប្រុសប្រាប់មិនអោយចូលទ័ព អ្នកមានស្បៀងច្រើនលាក់មិនបរិច្ចាក មន្រ្តីស្មោះនឹងក្បត់សុទ្ធតែត្រូវបានគេជេរប្រមាថ ល្អប៉ានស្មានមិនច្បាស់ អាក្រក់នៅលាយឡំគ្នា… អីយ៉ា ពិតជាស្ថានការណ៏ ច្របូកច្របល់អស់មែនហើយណា…


វិធីសោះស្រាយ មានតែសង្ឃឹមលើចិត្តរាស្រ្តមិនងាករេរ ពឹងលើមន្ត្រីស្មោះពិតប្រាកដមិនលម្អៀង! មុនពេលលឺដំណឹង ចង់ធ្វើយ៉ាងណា ក្រោយពេលលឺដំណឹង បន្តធ្វើយ៉ាងនោះ ដំណឹងនេះមិនជោគជ័យ ច្បាស់ជាចេញដំណឹងថ្មី។ ចេញរហូតដល់ដំណឹងទី៣ ច្បាស់ជាមិនស្របនឹងដំណឹង២មុន ធ្វើអោយមើលឃើញថា ដំណឹងទាំង៣ សុទ្ធតែមិនត្រឹមត្រូវ មានមនុស្សជាអ្នកបង្កើត ធ្វើអោយព្រាយក្លាយជាព្រះ ព្រះក្លាយជាព្រាយ។ ទី១ទី២ទី៣ សុទ្ធតែមានចន្លោះ មិនស៊ីគ្នា…

ហើយប៉ុន្មានថ្ងៃនេះ ក៏មានអ្នកយកឈ្មោះជូកឺលាងមកប្រើ យកទាំងល្បិចគេមកប្រើទៀត តែបែរជាធ្វើអោយមនុស្សយល់ច្រលំ កែរប្រែគំនិត មើលងាយម្ចាស់ល្បិចដើមរបស់គេទៅវិញ។ ជូកឺលាងប្រើល្បិចម្តងណា បើមិនបានក្រុងមួយពីរទេ ក៏បានសម្លាប់ទ័ពសត្រូវរាប់ម៉ឺនដែរ អន់បំផុតក៏នឹងទទួលបានមេទ័ពខ្លាំងមន្រ្តីល្អប៉ុន្មាននាក់ទុកគ្រាន់ប្រើការ។ គាត់មិនដែលប្រើដើម្បីគ្រាន់តែបានឈ្នះចិត្តគេ ឫប្រើល្បិចដើម្បីតែដណ្តើមស្ករគ្រាប់ពីក្មេង ពីរបីគ្រាប់នោះទេ… ពិតជាគួរអោយខ្មាសមែន ពិតជាគួរអោយខ្មាសមែន!


ត្បិតតែខុងមីងខ្ញុំមិនពេញចិត្តតុងជួរ មិនស្របតាមត្រកូលយៀន គ្មានម្ចាស់ តែលតោលឥតខ្លឹមសារ តែខ្ញុំសម្រេចចិត្តរួចហើយថា៖
យកជក់ធ្វើជាមេទ័ព
យកក្រដាសធ្វើជាមន្រ្តី
យកទឹកខ្មៅធ្វើជាទាហាន
យកពាក្យកពេជន៏ធ្វើជាក្បួនប្រយុទ្ធ
យកមិត្តយល់ចិត្តធ្វើជាភ្លេងពិណនិងតែល្អ
យករាស្រ្តក្រោមមេឃធ្វើជាម្ចាស់ ជម្រុញឆន្ទះអោយកាន់តែពុះកញ្ជ្រោល…



ចុងក្រោយនឹងមាន ម្ហូបឆ្ងាញ់មួយតុ ស្រាល្អមួយប៉ាន់ ជប់លៀងទទួលម្ចាស់ពិតប្រាកដ!

ស្តាប់ជាសម្លេងនៅទីនេះ៖


No comments